ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីវាយប៉ា (WAIPA) ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៧

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា រួមមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិតហ៊ឺ វីរៈ សមាជិករដ្ឋសភា យាង-ចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីវាយប៉ា (WAIPA) ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការចូលរួមដោយគណៈប្រតិភូមកពីបណ្តាសភាសមាជិកអាយប៉ា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី (៣) រួមមាន៖

១. សេចក្តីព្រាងសេចក្តីសម្រេចទី១ ស្តីពី «ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី ក្នុងអភិបាលកិច្ចសន្តិភាព និងសន្តិសុខ ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយសន្តិភាព» (សហគាំទ្រដោយសភាកម្ពុជា និងសភាហ្វ៊ីលីពីន)

២. សេចក្តីព្រាងសេចក្តីសម្រេចទី២ ស្តីពី «ការគាំទ្រការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី នៅក្នុងខ្សែច្រវាក់តម្លៃតំបន់តាមប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ាន» (ស្នើដោយសភាហ្វ៊ីលីពីន)

៣. សេចក្តីព្រាងសេចក្តីសម្រេចទី៣ ស្តីពី «ការលើកកម្ពស់ការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព បរិយាបន្ន និងយកប្រជាជនជាស្នូល នៅតំបន់អាស៊ាន» (ស្នើដោយសភាវៀតណាម និងសហគាំទ្រដោយសភាកម្ពុជា)

នៅក្នុងកិច្ចប្រជុំ WAIPA សភាកម្ពុជា បានស្នើសេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយ ដែលមានខ្លឹមសារ អត្ថន័យ និងគោលបំណងប្រហាក់ប្រហែលគ្នាទៅនឹងសេចក្តីព្រាងសេចក្តីសម្រេចដែលស្នើដោយសភាម្ចាស់ផ្ទះហ្វ៊ីលីពីន ទាក់ទងនឹងរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ(WPS)។ សភាទាំងពីរក៏បានយល់ស្របក្នុងការបញ្ចូលគ្នាជាសេចក្តីព្រាងសេចក្តីសម្រេចតែមួយ។

ខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចដែលរួមបញ្ចូលគ្នា គឺទទួលការឯកភាពជាឯកច្ឆ័ន្ទ និងបានរក្សាគោលជំហររបស់កម្ពុជា ដោយអំពាវនាវដល់សភាសមាជិកអាយប៉ា ឱ្យផ្តល់អាទិភាពដល់ការការពារជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ក្នុងស្ថានភាពជម្លោះ និងវិបត្តិមនុស្សធម៌ ស្របតាមច្បាប់អន្តរជាតិជាធរមាន រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈការតាក់តែងច្បាប់ ការតាមដានការនុវត្តច្បាប់ និងការគាំទ្រផ្នែកថវិកា សំដៅជំរុញសហគមន៍មួយប្រកបដោយសន្តិភាពក្នុងតំបន់អាស៊ាន។