ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទទួលជួបសម្តែងការគួរសមជាមួយនាយកការិយាល័យពហុប្រទេសប្រចាំតំបន់នៃអង្គការ UNOPS និងពិធីជម្រាបលារបស់នាយិកាប្រចាំប្រទេស។
រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nicholas George នាយកការិយាល័យពហុប្រទេសប្រចាំតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (EAPMCO) នៃអង្គការ UNOPS ព្រមទាំងទទួលការជម្រាបលារបស់ លោកស្រី Eda Kraja នាយិកាប្រចាំប្រទេសកម្ពុជា និងឡាវ ដែលបានបញ្ចប់អាណត្តិបេសកកម្មដោយជោគជ័យ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ លោកស្រី Eda Kraja ក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមករវាងក្រសួង និងអង្គការ UNOPS លើការងារលទ្ធកម្មវេជ្ជសាស្ត្រ សម្រាប់មជ្ឈមណ្ឌលជាតិ NCHADS, CENAT និង CDC និងការកាត់បន្ថយជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ដោយគ្មានអ្នកស្លាប់ ក៏ដូចជាការចូលរួមចំណែកក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការដំឡើងរោងចក្រអុកស៊ីសែនចំនួន ១១ និងការកែលម្អបន្ទប់សង្គ្រោះបន្ទាន់ ព្រមទាំងកិច្ចសម្របសម្រួលរបស់ UNOPS ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការសិក្សាលទ្ធភាពបឋមសម្រាប់គម្រោងពង្រីកមជ្ឈមណ្ឌលជំងឺមហារីក នៃមន្ទីរពេទ្យហ្លួងម៉ែ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានស្នើសុំឱ្យអង្គការ UNOPS ពិនិត្យលទ្ធភាពជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (Electronic Medical Record – EMR) តាមរយៈការជួយធ្វើសមាហរណកម្មប្រព័ន្ធសុខាភិបាលទាំងអស់ ឱ្យរួមបញ្ចូលគ្នាតែមួយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសុខាភិបាលជាតិ។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោកស្រី Eda Kraja ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNOPS នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីបុព្វហេតុសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។


