អគ្គនាយកស៊ីម៉ាក់ អនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា…
នៅរសៀល ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការCMAC(ស៊ីម៉ាក់) រាជធានីភ្នំពេញ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមអគ្គនាយក បានជម្រាបជូនឯកឧត្តម ISHIZUKI Hideo អំពីវឌ្ឍនភាពការងារ សមិទ្ធិផល និងសមត្ថភាពរបស់ អង្គភាពCMAC ព្រមទាំងរចនាសម្ព័ន្ធប្រតិបត្តិការដែលរួមមាន កងឯកភាពតាមបណ្តាខេត្ត អង្គភាពពិសេសកាត់បន្សាបគ្រាប់ អង្គភាពពិសេសបោសសម្អាតគ្រាប់ក្រោមទឹក មណ្ឌលសុខន និងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន។ ជាមួយគ្នានេះ ឯកឧត្ដម ហេង រតនា ក៏បានជម្រាបជូន ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីលទ្ធផលប្រតិបត្តិការ ដែលរហូតមកដល់ពេលនេះ ការងារបោសសម្អាតមីនបានសម្រេចលើផ្ទៃដីសរុបជាង ៣.០០០ គីឡូម៉ែត្រការ៉េ បានចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងបង្កើតសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម ISHIZUKI Hideo បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព តួនាទី និងភារកិច្ចកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ក្នុងការបំពេញបេសកកម្មបោសសម្អាតមីន និងជាពិសេសចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញ និងគាំទ្រចំពោះអង្គភាពCMAC ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ទៅកាន់បណ្តាប្រទេស ដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅជុំវិញពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម ISHIZUKI Hideo បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់ភាគីជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពCMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការលើកកម្ពស់ការចែករំលែកបទពិសោធន៍របស់កម្ពុជា ទៅកាន់បណ្តាប្រទេស ដែលកំពុងប្រឈមនឹងបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមជាដើម៕


