ក្រសួងការងារបន្តពង្រឹងចំណេះដឹងច្បាប់ការងារ ដល់គណៈគ្រប់គ្រងសហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ ឯកឧត្តម អ៉ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ស្តីពីការងារ សម្រាប់សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រធានផ្នែករដ្ឋបាលនិងធនធានមនុស្ស ក៏ដូចជាគណៈគ្រប់គ្រងសហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

មានប្រសាសន៍ក្នុងកម្មវិធីបើក ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ប្រទេសកម្ពុជាក្នុងបរិបទនៃការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស និងការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់មួយក្នុងការធានាបាននូវស្ថិរភាពប្រតិបត្តិការអាជីវកម្ម ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ព្រមទាំងបង្កើតបរិយាកាសការងារប្រកបដោយសុខដុមនីយកម្ម និងផលិតភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺប្រៀបដូចជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ និងសូមចូលរួមផ្លាស់ប្តូរបទពិសោធ ចែករំលែកបញ្ហាប្រឈម និងពិភាក្សាអំពីដំណោះស្រាយជាក់ស្តែង ក៏ដូចជាស្ដាប់ការបកស្រាយពីគ្រូបណ្តុះបណ្តាល និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីធានាថាការយល់ដឹងច្បាស់អំពីច្បាប់ការងារអាចប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងក្នុងស្ថាប័ននីមួយៗ។

ឯកឧត្តមបានលើកឡើងថា វិទ្យាស្ថានជាតិការងារ ជាគ្រឹះស្ថានអប់រំឯកទេសមួយសម្រាប់ការកសាងសមត្ថភាពផ្នែកច្បាប់ស្តីពីការងារ ដល់គណៈគ្រប់គ្រង និងបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្ស ដើម្បីជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់អនុលោមភាពច្បាប់ ពង្រឹងទំនាក់ទំនងការងារ និងគាំទ្រដល់ការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព៕