ឧត្តមសេនីយ៍ឯក លឹម តុងហួត : កម្ពុជាបន្តចូលរួមជាមួយបណ្ដារដ្ឋអាស៊ានដើម្បីចំណេះដឹងការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈថ្លែងបែបនេះក្រោយពីលោកទទួលបានការអនុញ្ញាត
ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំសហការី សម្របសម្រួលជាមួយបណ្ដាក្រសួងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលអនុវត្តការងារផ្សាយ អប់រំ ដើម្បីចូលរួមជាមួយបណ្ដារដ្ឋអាស៊ានទាំង១១ បញ្ចប់«វគ្គបណ្តុះបណ្តាលពីប្រសិទ្ធភាពក្នុងតំបន់អាស៊ាន៖ ការអន្តរាគមន៍ចុងក្រោយផ្អែកលើភស្តុតាង»នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោយដំណើរការបានពីរវគ្គរួចមកហើយគឺនៅថ្ងៃទី៤ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ កើតចេញពីកិច្ចសហការនិងការខិតខំប្រឹងប្រែងរួមគ្នារវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ានសម្រាប់ការអប់រំបង្ការគ្រឿងញៀន(ATCPDE), ក្រុមប្រឹក្សាគ្រឿងញៀនគ្រោះថ្នាក់ (DDB) និងអង្គការ UNODC ជាកិច្ចប្រជុំតាមប្រព័ន្ធពីចម្ងាយ Zoom ពីប្រទេសហ្វីលីពីន ដែលមានរយៈពេលបីថ្ងៃ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងជម្រាបជូនបន្ថែមថា សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលនេះទទួលបានចំណេះដឹងពីការចែករំលែកបទពិសោធន៍លើការងារ រួមមាន : ការផ្លាស់ប្តូរកម្មវិធីជាសកល-តំបន់លើការបង្ការគ្រឿងញៀន នវានុវត្តន៍ក្នុងកម្មវិធីអប់រំតាមសាលារៀន គំនិតផ្តួចផ្តើមយុវជនជួយយុវជន និងការប្រើប្រាស់បណ្តាញសង្គម ការកសាងភាពជាដៃគូប្រកបដោយចីរភាពក្នុងបរិបទមនុស្សធម៌ ការកៀរគរការចូលរួមពីសហគមន៍ព្រមទាំងការតាមដាន និងវាយតម្លៃដើម្បីជំរុញការគាំទ្រ។


