រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Catherine Pégard និងគណៈប្រតិភូបារាំង ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ក្រសួងវប្បធម៌បារាំង ស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងដៃគូសហប្រតិបត្តិការបារាំងនានា ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងជួសជុល និងអភិរក្សប្រាសាទ ការពង្រីកសារមន្ទីរ ព្រមទាំងការជួសជុលរូបចម្លាក់ព្រះវិស្ណុផ្ទុំជាដើម។
ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ជាពិសេសក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌទាំងរូបី និងអរូបី។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត។
បន្ទាប់ពីជំនួបពិភាក្សាការងារ លោកជំទាវ Catherine Pégard និងគណៈប្រតិភូ ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ដែលជាទីតាំងរក្សាទុក និងតាំងបង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌ និងស្នាដៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អរិយធម៌ និងភាពរុងរឿងនៃសិល្បៈវប្បធម៌ខ្មែរតាំងពីសម័យបុរាណ៕


