ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើង និងជម្រាបជូនលោកជំទាវអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលជាបន្តបន្ទាប់ ក៏ដូចជាការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទទួលបានជោគជ័យ ជាពិសេសការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលមានខ្លឹមសារប្តេជ្ញាចិត្ត ១១ចំណុច សម្រាប់ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ច្រវ៉ាក់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកពីបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជន ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ទោះបីទីតាំងធំៗត្រូវបានបោសសម្អាត ហើយក្រុមឧក្រិដ្ឋជនបានបំបែកជាក្រុមតូចៗក្តី ក៏កម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិត តាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងកម្រិតទ្វេទ្វេភាគី និងពហុភាគី ដោយភាពស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្តទៅវិញទៅមក ជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា នេះ។
ជាកិច្ចឆ្លើយតប លោកជំទាវ Hala Youssef Ahmed Ragab បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងអេហ្ស៊ីប និងបានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានអង្គការចាត់តាំង និងមានលក្ខណៈស្មុគ្រស្មាញ ដែលត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ។ លោកជំទាវ ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលអេហ្ស៊ីបគាំទ្រចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់សមត្ថកិច្ចកម្ពុជាក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ហើយភាគីអេហ្ស៊ីបត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ព្រមទាំងបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេសក្នុងការចែករំលែកព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ បន្ថែមទៀត។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា ពិគ្រោះយោបល់គ្នាក្នុងការស្វែងរកកាលានុវត្តភាពក្នុងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព៕


