ប្រធានរដ្ឋសភាស្តីទី បង្ហាញជំហរម៉ឺងម៉ាត់របស់កម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ និងជំរុញកិច្ចសហប្រតិបត្តិការសភាកម្ពុជា-កាណាដា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ (Marie-France Lalonde) សមាជិករដ្ឋសភាកាណាដា និងជាប្រធានក្រុមសភាជាតិកាណាដា APF ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាកាណាដា ដែលជាស្ពានដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាលើកទី១ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមានស្ត្រីទទួលនូវតំណែងដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការធ្វើឱ្យកាន់តែរស់រវើកនូវភាពជាដៃគូទ្វេភាគី និងពហុភាគី លើគ្រប់វិស័យជាមួយសភាកាណាដា ក៏ដូចជាសភាប្រទេសជាមិត្តដទៃទៀត។
ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី ក៏បានស្នើភាគីកាណាដាជួយគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣០ ផងដែរ។
ពាក់ព័ន្ធនឹងតួនាទីកសាងសន្តិភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីស្នាដៃជាប្រវត្តិសាស្ត្ររបស់សភាកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរសភាធំៗ ដូចជាមហាសន្និបាត IPTP លើកទី១១ ដែលបានអនុម័ត «ធម្មនុញ្ញសន្តិភាពសកល» និងសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ កាលពីខែសីហា ឆ្នាំ២០២៦ ជាដើម។
ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជម្រាបជូនគណៈប្រតិភូកាណាដា អំពីជំហរដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់របស់កម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើចំណុចស្នូលចំនួន ៤ រួមមាន៖
– កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែបានកត់សម្គាល់ឃើញថា ភាគីថៃបានបង្កភាពតានតឹងជាថ្មី តាមរយៈការដំឡើងរបាំងកុងតឺន័រ រាយលួសបន្លា និងប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជាលើដែនអធិបតេយ្យរបស់កម្ពុជា។
– កម្ពុជាបដិសេធដាច់អហង្ការចំពោះការយកច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
– កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។
– ដោយមើលឃើញពីភាពធ្ងន់ធ្ងរ និងបន្ទាន់នៃការឈ្លានពាន កម្ពុជាបានស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីធានាបាននូវយុត្តិធម៌ និងសន្តិភាពយូរអង្វែង។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ (Marie-France Lalonde) បានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍គណៈប្រតិភូកាណាដា ក៏ដូចជាគណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល។
លោកជំទាវក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា នៅក្នុងរយៈកាលជាងបីទសវត្សរ៍កន្លងមកនេះ ដោយលោកជំទាវបានសម្តែងនូវឆន្ទៈ និងបំណងរបស់លោកជំទាវ ក្នុងការបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា។
លោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ ក៏បានសម្ដែងនូវការអបអរសាទរកម្ពុជាចំពោះលទ្ធផល និងការប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបតែបានបិទបញ្ចប់ទៅប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ដើម្បីនាំមកនូវផលប្រយោជន៍ និងវិបុលភាពជូនប្រជាជននៃប្រទេសទាំងពីរ៕


