ពិធីប្រគល់-ទទួលសម្ភារៈបរិក្ខារចក្ខុរោគរបស់មូលនិធិហ្វ្រេដហូឡូ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង

នៅមន្ទីរពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបរិក្ខារចក្ខុរោគ ដែលជាជំនួយឧបត្ថម្ភរបស់មូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation) សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងថែទាំសុខភាពភ្នែក (Eye Care Program)។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក បាក់ តូក្យូ នាយកប្រចាំតំបន់អាស៊ាន នៃមូលនិធិហ្វ្រេដហូឡូ។ ការផ្តល់ជំនួយសម្ភារៈបរិក្ខារនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ព្រមទាំងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។ មន្ទីរពេទ្យព្រះអង្គឌួង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិហ្វ្រេដហូឡូ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា៕