លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងវិនិយោគចំនួន ៨ នៅក្រុងកោះរ៉ុង ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្នុងយន្តការថែទាំអ្នកវិនិយោគ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍគម្រោងដែលបានស្នើសុំការលើកទឹកចិត្តនិងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ចំនួន ៨គម្រោង នៅលើក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងបេសកកម្មនេះ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា យន្តការថែទាំនិងសម្របសម្រួលជួយអ្នកវិនិយោគទទួលបានគោលការណ៍លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តគម្រោងនៅលើកោះរ៉ុង ព្រមទាំងការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងក្របខណ្ឌរៀបចំឯកសារទស្សនទាន តម្រង់ទិសសម្រាប់បន្តការទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍ មកកាន់កោះដ៏ស្រស់ស្អាតរបស់យើងមួយនេះ។
លោក Patruk Strzelecki ដែលជាម្ចាស់គម្រោងគម្រោងវិនិយោគ Satoshi’s Paradise Hotel របស់ក្រុមហ៊ុនProtipTop Development Cambodia Co., Ltd. បានបញ្ជាក់លម្អិតថា គម្រោង Satoshi’s Paradise Hotel គឺជាប្រភេទសណ្ឋាគារ និងលំនៅឋានសម្រាប់ជួលលំហែកាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្រុងកោះរ៉ុង។ នៅក្នុងបរិវេណគម្រោងទាំងមូល រួមមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗដូចជា បន្ទប់ស្នាក់នៅចំនួន ៦០ យូនីត ឆ្នេរខ្សាច់កម្សាន្ត ភោជនីយដ្ឋាន អាងហែលទឹក កន្លែងហាត់ប្រាណ និងហាងលក់សម្ភារៈប្រើប្រាស់ទូទៅ និងមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដើម្បីធានាបាននូវអនាម័យ និងការពារបរិស្ថានសមុទ្រមិនឱ្យមានការបំពុល។
លោក ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តខ្ពស់ថា នៅពេលគម្រោងនេះដាក់ឱ្យដំណើរការជាផ្លូវការ លោកនឹងខិតខំទាក់ ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាកម្សាន្តនៅក្រុងកោះរ៉ុងឱ្យបានកាន់តែច្រើនកុះករ រួមជាមួយនឹងការកៀរគរអ្នក វិនិយោគទុនបរទេសបន្ថែមទៀត ឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងវិនិយោគនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ហើយគិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ ៨៥% ហើយ និងគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ៕
អត្ថបទ ៖ មឿន ស្រីមុំ