អ្នកសារព័ត៌មានអន្តរជាតិដែលបានបំពេញបេសកកម្មយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ អញ្ជើញទស្សនាសារមន្ទីរជាតិកម្ពុជា ស្វែងយល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិមកពីបណ្តាប្រទេសមួយចំនួន ដែលបានអញ្ជើញមកបំពេញបេសកកម្មយកព័ត៌មានក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរជាតិនៃកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ សិល្បៈ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មសារព័ត៌មានក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយក្រសួងព័ត៌មាន ដោយមានការចូលរួមជួយសម្រួលការបកប្រែជាភាសាបារាំងពីក្រុមនិស្សិតស្ម័គ្រចិត្តផ្នែកភាសាបារាំង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ អ្នកសារព័ត៌មានអន្តរជាតិបានទស្សនាស្វែងយល់ពីវត្ថុបុរាណ និងស្នាដៃសិល្បៈខ្មែរដែលត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិ ដែលជាទីតាំងប្រមូលផ្តុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិ។ សារមន្ទីរជាតិនៃកម្ពុជាមានវត្ថុបុរាណ និងសម្បត្តិសិល្បៈដែលមានប្រភពតាំងពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។

សារមន្ទីរជាតិនៃកម្ពុជាត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ តាមរចនាបថស្ថាបត្យកម្មខ្មែរប្រពៃណី និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពព្រះបាទស៊ីសុវត្ថិ។ អគារសារមន្ទីរមានលក្ខណៈស្ថាបត្យកម្មបុរាណខ្មែរ ដោយមានការតុបតែងលម្អដោយក្បាច់ចម្លាក់ដ៏វិចិត្រ បង្ហាញពីភាពប៉ិនប្រសប់នៃសិល្បៈខ្មែរ និងអត្តសញ្ញាណជាតិ។

ក្រៅពីជាទីតាំងតាំងបង្ហាញវត្ថុបុរាណ សារមន្ទីរជាតិក៏មានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស ថែរក្សា សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយចំណេះដឹងអំពីសិល្បៈ បុរាណវិទ្យា និងអរិយធម៌ខ្មែរដល់សាធារណជនជាតិ និងអន្តរជាតិ។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការសម្របសម្រួល និងបដិសណ្ឋារកិច្ចរបស់ក្រសួងព័ត៌មានចំពោះអ្នកសារព័ត៌មានអន្តរជាតិ ដែលបានមកបំពេញបេសកកម្មយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ជាមួយគ្នានេះ ក៏ជាឱកាសដ៏មានអត្ថន័យក្នុងការបង្ហាញ និងផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ សម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ តាមរយៈអ្នកសារព័ត៌មានដែលនឹងនាំយកបទពិសោធន៍ និងចំណាប់អារម្មណ៍ពីកម្ពុជាទៅផ្សព្វផ្សាយនៅក្នុងប្រទេសរៀងៗខ្លួន៕