ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រែក្លាយឱកាសការទូតទៅជាសមិទ្ធផលជាក់ស្តែង ពង្រឹងកិត្យានុភាពកម្ពុជា និងបើកទ្វារសហប្រតិបត្តិការថ្មីៗ ពង្រីកភាពជាដៃគូអន្តរជាតិ កសាងទុនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត
រាជធានីភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ទាំងក្នុងក្របខណ្ឌការទូតពហុភាគី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធផលទាំងនេះបានរួមចំណែកពង្រឹងកិត្យានុភាពជាតិ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ មិនមែនគ្រាន់តែជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ បង្កើនកិត្យានុភាពជាតិ និងប្រែក្លាយឱកាសការទូតទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ និងប្រជាជន។
កិច្ចប្រជុំកំពូលនេះទទួលបានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលចំនួន ៨១ ក្នុងចំណោមសមាជិកសរុប ៩០ របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២៣ ដែលស្មើនឹងប្រមាណ ៩០% នៃសមាជិកទាំងមូល។ ការចូលរួមដ៏ច្រើននេះបានបង្ហាញពីសារៈសំខាន់នៃវេទិកាហ្វ្រង់កូហ្វូនី និងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាក៏បានរួមចំណែកជំរុញការពិភាក្សា និងការប្តេជ្ញាចិត្តរួមលើបញ្ហាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តឯកសារសំខាន់ៗចំនួន ៣ រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌។
សមិទ្ធផលដ៏សំខាន់មួយទៀត គឺការសម្រេចបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា ដែលនឹងបើកឱកាសថ្មីសម្រាប់ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់សហគ្រាស និងការផ្លាស់ប្តូរបច្ចេកវិទ្យា។ ការសម្រេចនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
ជាមួយគ្នានេះ ក្នុងក្របខណ្ឌនៃទស្សនកិច្ចរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងជំនួបទ្វេភាគីជាមួយបណ្តាប្រទេសជាដៃគូ កម្ពុជាបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់ និងពិធីសារសរុបចំនួន ៣៧ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។
ទន្ទឹមនឹងសមិទ្ធផលផ្នែកការទូត កិច្ចប្រជុំកំពូលនេះក៏បានផ្តល់ឱកាសដ៏មានតម្លៃដល់កម្ពុជាក្នុងការផ្សព្វផ្សាយរូបភាពជាតិទៅកាន់ពិភពលោក តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១.៥០០ នាក់ មកពី ៣០៨ ស្ថាប័ន និងអង្គភាព ក្នុង ៤២ ប្រទេស។ វត្តមានអ្នកសារព័ត៌មានដ៏ច្រើននេះបានរួមចំណែកផ្សព្វផ្សាយអំពីសន្តិភាព ស្ថិរភាព អត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងសក្តានុពលអភិវឌ្ឍន៍របស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសម្ចាស់ផ្ទះដែលទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់វេទិកានេះដើម្បីចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។ សម្រាប់កម្ពុជា សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាមូលដ្ឋានគ្រឹះនៃវិបុលភាពរួម និងស្ថិរភាពយូរអង្វែង ស្របតាមប្រធានបទនៃកិច្ចប្រជុំកំពូល «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា តម្លៃពិតប្រាកដនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ មិនស្ថិតត្រឹមតែភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយទំនាក់ទំនងអន្តរជាតិ ការប្តេជ្ញាចិត្ត និងឱកាសដែលទទួលបាន ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងគម្រោងជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
ជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដូច្នេះ មិនត្រឹមតែជាសមិទ្ធផលនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីសម្រាប់កម្ពុជាក្នុងការពង្រឹងតួនាទីការទូត ពង្រីកភាពជាដៃគូអន្តរជាតិ និងកសាងទុនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕


