ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សា “The 3rd Forum d’Affaires France-Cambodge 2026”
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សា “The 3rd Forum d’Affaires France-Cambodge 2026” ក្រោមប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្មនៅកម្ពុជា៖ ការតភ្ជាប់ផ្លូវហាយវេ កំពង់ផែ និងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងពីការប្តេជ្ញារបស់កម្ពុជាក្នុងការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មមួយ ដែលគាំទ្រដល់វិស័យធុរកិច្ច និងបង្កើតឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដែលទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សេវាកម្មទំនើប ការរៀបចំផែនការប្រកបដោយការគិតគូរហ្មត់ចត់ និងភាពជាដៃគូដ៏រឹងមាំផងដែរ។ ក្នុងន័យនេះ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយប្រទេសបារាំង ព្រមទាំងការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបារាំង វិនិយោគិនអន្តរជាតិ និងដៃគូទាំងអស់ដែលមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា។ យើងសង្ឃឹមយ៉ាងមុតមាំថា វេទិកានៅថ្ងៃនេះ នឹងមិនត្រឹមតែជួយពង្រឹងកិច្ចសន្ទនារវាងយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឆ្ពោះទៅរកភាពជាដៃគូដ៏មានអត្ថន័យ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើងទាំងពីរផងដែរ៕


