ប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធ បន្ដជំរុញការអភិវឌ្ឍកីឡាកាយសម្ព័ន្ធ ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជំរុញថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីគ្រប់កម្រិត ដើម្បីបង្កើននូវសមិទ្ធផលថ្មីៗ ពីការប្រកួតអន្ដរជាតិនានា ជាពិសេស ត្រៀមធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ នាពេលខាងមុខ ។

ការបញ្ចាក់របស់ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មន្ដ្រីបច្ចេកទេស និងភាគីពាក់ព័ន្ធ ដែលបានរៀបចំការប្រកួតដោរលូន ពិសេសការចូលរួមរបស់ប្រតិភូកីឡាមកពីក្រសួង និងរាជធានី-ខេត្ត។ នេះគឺជាឱកាសវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ របស់កីឡាករ-កីឡាការិនីគ្រប់រូប ទាំងកម្រិតយុវជន និងថ្នាល ដែលបានខិតខំហ្វឹកហាត់កន្លងមក ដោយអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា ស្មារតីទទួលខុសត្រូវខ្ពស់ ដែលជំរុញឲ្យការប្រកួតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមបុព្វបទ “កីឡាដើម្បីឯកភាពជាតិ”។

ឯកឧត្តម ថោង ខុន បានរំឮកអំពីសមិទ្ធផលជាប្រវត្តិសាស្ដ្រ ដែលកីឡាកាយសម្ព័ន្ធកម្ពុជា បានខិតខំរហូតដណ្ដើមបានមេដាយជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានប្រមាណ ៥ឆ្នាំចុងក្រោយ ទាំងកីឡាស៊ីហ្គេម និងជើងឯកអាស៊ី ហើយលោកបានជំរុញឲ្យសហព័ន្ធបន្ដខិតខំដកស្រង់បទពិសោធន៍បច្ចេកទេសពីការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពដល់មន្ដ្រីបច្ចេកទេស គ្រូបង្វឹកឲ្យបានកាន់តែច្រើន ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកបង្ហាត់ដល់កីឡាករ-កីឡាការិនីឲ្យមានគុណផលកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិមាតុភូមិ ដូចជាកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀត។

យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាជាតិ សម្រាប់កីឡាកាយសម្ព័ន្ធឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១១០៦នាក់ មកពី ៥ក្រសួង និងរាខេត្តចូលរួម។ ជាលទ្ធផលបច្ចេកទេស ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស៥ ប្រាក់៤ និងសំរឹទ្ធ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស៤ ប្រាក់៣ និងសំរឹទ្ធ៣), ខេត្តក្រចេះ ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ២) និងខេត្តស្ទឹងត្រែង ឈរលេខ៥ ឈ្នះមេដាយសរុប ២គ្រឿង (ប្រាក់១ និងសំរឹទ្ធ១)៕