ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមសភាអាយប៉ាជាតិកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាទៅចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន(ASEAN-AIPA Leader’s Interface Meeting) លើកទី១៥ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

អញ្ជើញជូនដំណើរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ រួមមាន ឯកឧត្តម ប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សូមជម្រាបថាអាយប៉ាគឺជាវេទិកាតំបន់របស់សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសសមាជិកចំនួន១០ រួមមាន៖ ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេ ស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហា សន្និបាតអាយប៉ាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាដ៏សំខាន់ សម្រាប់ តំណាងរាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្ដូរមតិយោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រ និងគន្លឹះ ថ្មីៗដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការ ដោះ ស្រាយ បញ្ហាប្រឈមដោយសន្តិវិធី និងផ្អែកលើច្បាប់ រួមចំណែក ជាមួយ អាស៊ានដែលជាស្ថាប័ននីតិប្រតិបត្តិតំបន់ ក្នុងការឈានទៅ សម្រេច ឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលមានការ អភិ វឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយក ប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលសភានៃសាធា រណរដ្ឋ ហ្វីលីពីនជាម្ចាស់ ប្រារព្ធធ្វើក្រោមមូលបទ “សភាធានាឱ្យ បាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជន ជា ស្នូល”។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានានៃមហាសន្និបាតអាយប៉ាលើកទី៤៧។ នៅក្នុងនោះ សម្ដេចរដ្ឋសភាធិបតី នឹងអញ្ជើញ ចូលរួម កិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិដើម្បីអនុម័តរបៀបវារៈ និងដំណើរការនៃមហាសន្និបាត អាយប៉ាលើកទី៤៧ និងការពិភាក្សាអនុម័តផែនការ សកម្មភាព សំខាន់ៗរបស់អាយប៉ានាពេលអនាគត ព្រមទាំងអញ្ជើញ ថ្លែង សុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្ត្រីលើកទី៣ និង អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត៕