ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ជំរុញចលនាមេត្រីបរិស្ថាន និងកម្ពុជាស្អាត
(ស្ទឹងត្រែង)៖ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ក្នុងគោលដៅជំរុញចលនាស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ត្រូវបានរៀបចំឡើងយ៉ាងផុសផុល នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ឯកឧត្តម ឡេង ជីវិន អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងកៀរគរកម្លាំងរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស កម្មករ-កម្មការិនី និងសាធារណជនទូទៅ ឱ្យចូលរួមសម្អាត ប្រមូលទុកដាក់សំណល់ប្លាស្ទិកដែលរាយប៉ាយនៅមុខលំនៅឋាន តាមដងផ្លូវ សាលារៀន វត្តអារាម និងតំបន់រោងចក្រ-សហគ្រាស។ លើសពីនេះ យុទ្ធនាការនេះក៏ជាការរួមគ្នាប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមកនៅកម្រិតអប្បបរមា ដ្បិតសំណល់ប្លាស្ទិកបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ទាំងក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកទាំងមូល។
លោក សែន វ៉ាន់ស៊ីម អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដែលបានឆ្លុះបញ្ចាំងពីការរួមកម្លាំងសាមគ្គីក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការចូលរួមការពារ ថែរក្សាគុណភាពបរិស្ថាន និងភពផែនដីឱ្យមាននិរន្តរភាព និងភាពស្រស់បំព្រង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងដាក់ចេញនូវយន្តការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ព្រមទាំងការលើកទឹកចិត្ត សំដៅជំរុញឱ្យមានការកែប្រែទម្លាប់ ផ្នត់គំនិត និងការចូលរួមធ្វើសកម្មភាពប្រតិបត្តិមេត្រីបរិស្ថានជាក់ស្តែង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នាពេលនេះ គឺជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញចលនា «កម្ពុជាស្អាត» តាមរយៈការបណ្តុះស្មារតីស្រឡាញ់បរិស្ថានចេញពីក្នុងចិត្ត ដែលជាកត្តាជំរុញឱ្យបុគ្គលម្នាក់ៗចេះគ្រប់គ្រងទុកដាក់សំរាមត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះអ្នកដទៃ និងសង្គមជាតិទាំងមូល។ ការចូលរួមការពារបរិស្ថាន មិនត្រឹមតែជាការអនុវត្តសកម្មភាពអាទិភាពប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវការចូលរួមដោយស្មោះ ចេញពីបេះដូង និងក្តីស្រឡាញ់ ពីព្រោះ «ចិត្តស្អាត នាំមកនូវទង្វើស្អាត, ទង្វើស្អាត នាំមកនូវបរិស្ថានស្អាត និងសង្គមបៃតងប្រកបដោយចីរភាព»៕


