ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកា​ នៃគណៈកម្មាធិការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ គឺ៖ ទី១.របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចនៃទីស្ដីការគណៈរដ្ឋមន្រ្តី និង ទី២.និយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចអំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រោមឱវាទ ក្នុងការជំរុញនិងការចូលរួមអនុវត្តនូវការកែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសនៅក្នុងការដ្ឋានកែទម្រង់ធំៗចំនួន ៣ គឺ៖(១).ការកែទម្រង់ច្បាប់ ដែលដឹកនាំដោយទីស្តីការគណៈរដ្ឋមន្រ្តីខ្លួនឯង, (២).ការកែទម្រង់រដ្ឋបាលសាធារណៈ និង (៣).ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ជាក់ស្តែងនៅក្នុងការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ, ទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំនិងអនុវត្តចប់សព្វគ្រប់នូវកិច្ចការសំខាន់ៗ ដូចជា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ការតែងតាំងមន្រ្តីទៅក្នុងរចនាសម្ព័ន្ធថ្មី, ការកំណត់របៀបរបបការងារ និងការបែងចែកតួនាទីភារកិច្ច, គម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងការធ្វើជំរឿនមន្ត្រីរាជការ ក៏ដូចជាកំពុងរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការ, ការពិពណ៌នាមុខតំណែង និងការវិភាគមុខងារ។ ទន្ទឹមនេះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត វិធានការ និងផែនការសកម្មភាពជាច្រើនទៀត ដើម្បីលើកកម្ពស់អភិបាលកិច្ច និងពង្រឹងសមត្ថភាពស្ថាប័នជាប់ជាប្រចាំ។

ពាក់ព័ន្ធនឹងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការស៊ីវិលឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំឱ្យធ្វើការកែសម្រួល និងសម្រួចបន្ថែមលើទិដ្ឋភាពស្ថិរភាព និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ, ការផ្តល់ការលើកទឹកចិត្តដោយផ្អែកលើសមត្ថភាពនិងស្នាដៃការងារជាក់ស្តែង ដោយឈរលើគោលការណ៍គុណាធិបតេយ្យ (Merit-based), ការកំណត់គុណវុឌ្ឍិ ឱ្យសមស្របនឹងមុខតំណែង, ការកំណត់លំហូរនីតិវិធីនិងទម្រង់បែបបទនៃការតែងតាំង និងគោលការណ៍នីត្យានុកូលភាព ព្រមទាំងការដាក់បញ្ចូលបន្ថែមនូវគោលការណ៍ទំនាស់ផលប្រយោជន៍ និងវិសមិតភាពមុខងារ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកនិងមន្រ្តីពាក់ព័ន្ធ ឱ្យពន្លឿនការរៀបចំការពិពណ៌នាមុខតំណែងដែលនៅសេសសល់ឱ្យបានរួចរាល់នៅដំណាច់ខែវិច្ឆិកានេះ ឱ្យទាន់តាមការកំណត់របស់ក្រសួងមុខងារសាធារណៈ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏លើកទឹកចិត្តដល់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងអង្គភាពចំណុះទាំងអស់ឱ្យបន្តចូលរួមអនុវត្តដោយសស្រាក់សស្រាំនូវគ្រប់ការដ្ឋានកែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល និងអនុវត្តនូវនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការនេះ បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ ដើម្បីពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើង ដោយអនុលោមតាមអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីដឹកនាំ សម្របសម្រួល ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៃការអនុវត្តការងារកែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។