សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយ សមាគម និងក្រុមហ៊ុនចិន ដើម្បីបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និង ក្រុមហ៊ុនចិនឈានមុខចំនួន ៥ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តំណាងសហគ្រាសដៃគូពាក់ព័ន្ធ សាស្ត្រាចារ្យ និងនិស្សិតជាច្រើននាក់ ដើម្បីសហការបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក (E-commerce and Modern Logistic Management) ដោយផ្សារភ្ជាប់ “ការអប់រំ និង ទីផ្សារការងារជាក់ស្តែង” ។

តាមរយៈកិច្ចសហការនេះ សហគ្រាសចិននៅកម្ពុជាជាដៃគូ នឹងចូលរួមគាំទ្រយ៉ាងសកម្មដល់ការបណ្តុះបណ្តាល ក្រោមកម្មវិធីមហាវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាចិន (Cambodia-China College and Economics and Commerce: CCEC) ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងផ្នែកទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង តាមរយៈការចុះទស្សនកិច្ចសិក្សា កម្មសិក្សា ការដកស្រង់បទពិសោធការងារផ្ទាល់ និង ការទទួលបានឱកាសធ្វើការងារភ្លាមៗ ក្នុងពេល និង ក្រោយពេលបញ្ជប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញខាងលើ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ (Jaingsu Vocational Institute of Commerce) នៃប្រទេសចិន ។

សូមជម្រាបជូនថា សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តកម្មវិធី CCEC ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រជំនាញ ពាណិជ្ជកម្មអេឡិកត្រូនិក និង ឡូជីស្ទីក ដោយសិក្សានៅកម្ពុជា (នៅឆ្នាំទី១ និង ឆ្នាំទី៤) និង សិក្សានៅប្រទេសចិន (នៅឆ្នាំទី២ និង ឆ្នាំទី៣), ដោយនិស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រចំនួន ២ គឺសញ្ញាបត្របរិញ្ញាបត្រ និង សញ្ញាបត្រ Diploma ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ។ កម្មវិធីសិក្សាកម្រិតសញ្ញាបត្រ មានរយៈពេល ៤ឆ្នាំ ប៉ុន្តែតម្រូវឱ្យនិស្សិតបង់ថ្លៃសិក្សាតែ ២ឆ្នាំ ប៉ុណ្ណោះ ។ ជាមួយគ្នានេះ និស្សិតឆ្នើមនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពិសេស ពីរដ្ឋាភិបាលចិន និង ក្នុងអំឡុងពេលទៅសិក្សានៅប្រទេសចិន និស្សិតនឹងទទួលបានកន្លែងស្នាក់នៅ, ហូបចុក និង សេវាធានារ៉ាប់រងសុខភាព ជាដើម ស្របតាមសមត្ថភាពនៃការសិក្សារបស់និស្សិត និង លក្ខខណ្ឌតម្រូវរបស់វិទ្យាស្ថាន។

លើសពីនេះ, តាមរយៈ CCEC សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មជាំងស៊ូ បានរៀបចំកម្មវិធីសិក្សា ដែលតម្រង់ទិសឱ្យស្របទៅនឹងស្តង់ដាបច្ចេកទេស និង តម្រូវការជាក់ស្តែងរបស់សហគ្រាសដៃគូ ដោយផ្តោតលើការបណ្តុះបណ្តាលដែលយកការអនុវត្តជាគោល ទាំងការអនុវត្តក្នុងបន្ទប់ពិសោធ (Lab) និង ការដ្ឋានការងារជាក់ស្តែង។ តាមរយៈកិច្ចសហការខាងលើ, សមាគម និង សហគ្រាសជាដៃគូនឹងផ្តល់ឱកាសឱ្យនិស្សិតចុះអនុវត្តផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាដៃគូ ដើម្បីគាំទ្រដល់កម្មវិធីសិក្សាដែលមានការផ្ទេរចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗពីអ្នកជំនាញចិន មកកាន់យុវជនកម្ពុជា។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និង ពាណិជ្ជកម្មអន្តរជាតិ, សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍សិស្ស និស្សិត និងសាធារណជនទាំងអស់ ចុះឈ្មោះក្នុងកម្មវិធីសិក្សាថ្មី ដែលនឹងចាប់ផ្តើមចូលរៀនជាផ្លូវការនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ លើជំនាញកំពុងមានតម្រូវការខ្ពស់ ចំនួន ២ គឺ៖

ថ្នាក់បរិញ្ញាបត្រជំនាញ ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)

ថ្នាក់បរិញ្ញាបត្រជំនាញ គ្រប់គ្រងភស្តុភារកម្មទំនើប (Modern Logistics Management)

កម្មវិធីសិក្សាត្រូវបានអនុវត្តតាមម៉ូដែល 1+2+1 និង ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំនៃសធារណៈរដ្ឋប្រជាមានិតចិន។

សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 076 449 3869 / 010 516 887 ឬទំព័រហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។