ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញទំនិញជាង ១៣ ពាន់លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៦ កើនឡើង ២៩,១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបាន ១៣,៨២ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ១៣,២៧ ពាន់លានដុល្លារ កើនឡើង ២៧,៨% ចំណែកឯអាមេរិកនាំចូលមកវិញមានតម្លៃជិត ៥៥០ លានដុល្លារ កើនឡើង ៦៨,២%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ល្អរបស់កម្ពុជាតាំងពីដើមរហូតមក ដែលមានទំហំនៃការនាំចេញកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជាក៏បានលើកលែងពន្ធលើទំនិញនាំចូលពីអាមេរិកផងដែរ ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើន។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកឯផលិតផលដែលអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួន។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជាបន្តរក្សាបាននូវទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើររបស់កម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ពាន់លានដុល្លារ កើនឡើង២៨,៤៨% ចំណែកអាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕






