រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ ស្ថិតក្រុងសែនមនោរម្យ។

ពិធីដ៏មានអត្ថន័យនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រះមេគណទាំងពីរគណៈ លោក-លោកស្រីអភិបាលរងខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិយ៉ាងច្រើនកុះករ។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្មដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាក្នុងការតស៊ូទាមទារឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិកម្ពុជាពីអាណានិគមនិយមបារាំង។ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជានិមិត្តរូបនៃឯកភាពជាតិ ព្រមទាំងបានសម្តែងការដឹងគុណយ៉ាងធំធេងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ឯកឧត្តម គង់ គឹមនី បានកោតសរសើរ និងរំលឹកគុណូបការៈចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទ នាយទាហាន ពលទាហាន អតីតយុទ្ធជន ព្រមទាំងវីរយុទ្ធជន វីរយុទ្ធនារីទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា៕