ខួប ៧៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីអបអរ សាទរយ៉ាងអធិកអធម ដើម្បីបង្ហាញការដឹង គុណចំពោះវីរជនស្នេហាជាតិ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) នៅវេទិកា ៧មករា ក្រុងព្រះសីហនុ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូល រួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស 

និសិត្ស យុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ 

បានមានប្រសាសន៍ថា ពិធីនេះគឺជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតសម្រាប់មាតុភូមិកម្ពុជា ដែលបង្ហាញពីក្តីអំណរសាទរជាអនេក និងការចងចាំជានិច្ចនូវព្រឹត្តិការណ៍នៃការទទួលបានឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង។ សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងការលះបង់ដ៏ធំធេងរបស់ ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែវិច្ឆិកានេះ មិនត្រឹមតែជាការរំលឹកដល់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះ ទេ ប៉ុន្តែថែម ទាំងជាឱកាសបង្ហាញនូវការដឹងគុណ ចំពោះពលីកម្មដ៏ធំធេងរបស់វីរជន យុទ្ធជន និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងជីវិត ដើម្បីបូរណភាពទឹកដី ឯករាជ្យភាព ព្រមទាំងសុខសន្តិភាព និងសេចក្តីចម្រើនរុងរឿងរបស់ ប្រទេសជាតិយើងរហូតមកដល់បច្ចុប្បន្ន។

អត្ថបទ : កញ្ញា មឿន ស្រីមុំ