ត្រឹមរយៈពេលមួយថ្ងៃក្រោយការប្រឡង គណៈកម្មការបើកបន្ទប់សុវត្ថិភាពចាប់ផ្តើមធ្វើកែសន្លឹកកិច្ចការបេក្ខជនប្រឡងអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម និងក្រោមការឃ្លាំមើលពី ACU
ក្រោយពីបានបញ្ចប់ការប្រឡងប្រជែងយ៉ាងរលូនកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនភ្លាមៗតែម្តង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមវត្តមានផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
ការបើកបន្ទប់សុវត្ថិភាព (Seal) ដើម្បីយកកញ្ចប់សន្លឹកកិច្ចការជាង ១ពាន់ច្បាប់នាពេលនេះ ត្រូវបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល បន្ទាប់ពីកញ្ចប់វិញ្ញាសាទាំងអស់ត្រូវបានប្រមូល រាប់ ផ្ទៀងផ្ទាត់ និងរក្សាទុកក្នុងបន្ទប់បិទជិតសុវត្ថិភាពកាលពីល្ងាចម្សិលមិញ។
ដើម្បីធានាបាននូវឧត្តមភាពនៃការប្រឡងដោយគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» ស្របតាមពាក្យស្លោក «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដំណើរការកែវិញ្ញាសាសរសេរពហុចម្លើយទាំង ៣ប្រភេទ មានការចូលរួមឃ្លាំមើល និងធ្វើជាសាក្សីផ្ទាល់ជាប់ជាប្រចាំពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត។
គួរបញ្ជាក់ផងដែរថា វិញ្ញាសាពហុចម្លើយទាំង៣ ដែលកំពុងស្ថិតក្រោមដំណាក់កាលកំណែនាពេលនេះ រួមមាន៖
១.ចំណេះដឹងទូទៅ៖ ពាក់ព័ន្ធនឹងសហគ្រាសធុនតូចនិងមធ្យម ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរាជរដ្ឋាភិបាល និងសមត្ថភាពបំពេញការងារ
២.ភាសាអង់គ្លេស
៣.ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងព័ត៌មានវិទ្យា។
តាមរយៈល្បឿននៃការរៀបចំ និងការយកចិត្តទុកដាក់ខ្ពស់លើតម្លាភាពនេះ ដំណើរការជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) ត្រូវបានគេរំពឹងថាផ្តល់លទ្ធផលដោយភាពយុត្តិធម៌បំផុតជូនដល់បេក្ខជនដែលមានសមត្ថភាពពិតប្រាកដ។


