ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់កញ្ចប់វិញ្ញាសាជានិមិត្តរូប ជូនដល់បេក្ខជនដែលប្រឡងចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការកាត់កញ្ចប់វិញ្ញាសាជានិមិត្តរូប ជូនដល់បេក្ខជន ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.)។

ដំណើរការប្រឡងប្រជែងដ៏មានសារៈសំខាន់នេះ មានបេក្ខជនសរុបចំនួន ១ ០១៥នាក់ (ក្នុងនោះមានស្រីចំនួន ៤៥៣នាក់) បានធ្វើដំណើរមកពីគ្រប់ទិសទី និងមានវត្តមានយ៉ាងកុះករនៅមណ្ឌលប្រឡង ដើម្បីប្រកួតប្រជែងសមត្ថភាពស្វែងរកឱកាសចូលបម្រើការងារក្នុងស្ថាប័ននេះ ដែលជាយន្តការច្រកចេញចូលតែមួយដ៏មានសារៈសំខាន់ ក្នុងការគាំទ្រ ជំរុញ និងសម្របសម្រួលដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងការមកដល់របស់បេក្ខជនប្រឡងប្រជែង តាំងពីមុនពេលកំណត់ ក្រុមការងារអនុគណៈកម្មការគ្រប់ផ្នែក បានសហការគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបំពេញភារកិច្ច ដើម្បីណែនាំ ផ្តល់ព័ត៌មាន បញ្ជាក់លេខតុ លេខបន្ទប់ ព្រមទាំងត្រួតពិនិត្យវិន័យយ៉ាងតឹងរឹង ដោយមានការដកហូតឧបករណ៍គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទជាមុន ស្របតាមបទប្បញ្ញត្តិផ្ទៃក្នុងនៃការប្រឡង។

ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានដាក់ពង្រាយយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រឡងទាំងមូល។ ការរៀបចំនេះ គឺធ្វើឡើងដើម្បីធានាឱ្យបានដាច់ខាតនូវដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ភាពស្អាតស្អំ តម្លាភាព យុត្តិធម៌ និងប្រកាន់ខ្ជាប់នូវគោលការណ៍ «អ្នកចេះគឺជាប់» ស្របតាមនិយាមនីតិប្រតិបត្តិដែលបានកំណត់ដោយក្រសួងមុខងារសាធារណៈ។

សូមបញ្ជាក់ដែលថា ដំណាក់កាលប្រឡងនីមួយៗ ត្រូវបានឆ្លងកាត់នីតិវិធីយ៉ាងល្អិតល្អន់ និងហ្មត់ចត់បំផុត ក្រោមការអង្កេត ពិនិត្យ និងតាមដានពីភាគីពាក់ព័ន្ធ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ(ACU) អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ តំណាងសាកលវិទ្យាល័យនានា សាធារណជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីសម្រេចបានលទ្ធផលផ្លូវការដែលមានភាពត្រឹមត្រូវ ច្បាស់លាស់ និងសុក្រឹតជាទីបំផុត។