បច្ច័យសង្កត់ត្រ័យ ជាង៤៣លានរៀល ត្រូវ ឯកឧត្តម ឃឹង សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំថ្មពួន  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង  បានអញ្ជើញ វេរប្រគេនព្រះសង្ឃវត្តអរញ្ញរតនារាម ហៅទួលព្រៃសំរោង ឋិតក្នុងឃុំថ្មពួន  ស្រុកកញ្ជ្រៀច  ខេត្តព្រៃវែង

ព្រៃវែង៖ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំថ្មពួន និងលោកជំទាវ ឆាយ សាលីន បានតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានអញ្ជើញហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តអរញ្ញរតនារាម ហៅវត្តទួលព្រៃសំរោង ស្ថិតក្នុងឃុំថ្មពួន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងពិធីបុណ្យប្រពៃណីជាតិដ៏មានតម្លៃនេះ ទេយ្យវត្ថុ គ្រឿងបរិក្ខារ និងបច្ច័យសរុប ជាង ៤៣ លានរៀល ដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត និងទ្រទ្រង់ព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ឯកឧត្តម ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា វិស័យសាសនា និងសង្គមត្រូវដើរទន្ទឹមគ្នា ព្រោះព្រះពុទ្ធសាសនាជួយអប់រំចិត្តគំនិត សីលធម៌ និងសាមគ្គីភាពក្នុងសង្គម ដែលការរីកចម្រើនទាំងនេះកើតចេញពី សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នាលុបបំបាត់ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។