ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តគណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ «សុខភាព និងជីវិត»
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត (Continuous Professional Development – CPD) គណៈគ្រូពេទ្យរាជធានីភ្នំពេញ លើកទី៧ ក្រោមប្រធានបទ«សុខភាព និងជីវិត» នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។
លោកវេជ្ជបណ្ឌិត តាន់ ប៉េងប៉ស់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗនៃទិវាអភិវឌ្ឍវិជ្ជាជីវៈបន្តនេះ គឺដើម្បីពង្រឹងសមត្ថភាព បណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពចំណេះដឹង
វេជ្ជសាស្ត្រថ្មីៗដល់គ្រូពេទ្យគ្រប់លំដាប់ថ្នាក់។ លើកកម្ពស់ក្រមសីលធម៌ ក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្កល់ផលប្រយោជន៍អ្នកជំងឺជាធំ និងធានាគុណភាពសេវា ជំរុញវប្បធម៌គុណភាព សុវត្ថិភាពអ្នកជំងឺ និងគណនេយ្យភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយសមធម៌។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ យើងមាន មូលដ្ឋានសុខាភិបាល ដែលបម្រើការទាំងរដ្ឋនិងឯកជនមានចំនួនច្រើន ប៉ុន្តែក្រុមគ្រូពេទ្យមួយចំនួន បម្រើការងាររដ្ឋផង និងឯកជនផង ក្នុងនោះអ្នកបម្រើការងារឯកជនមានចំនួនតិចតួច។ ដូច្នេះយើងត្រូវពង្រឹងសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាព្យាបាល ដែលតម្រូវឲ្យក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវតែចូលរួមរៀនបន្ត ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដែលនេះជានិន្នាការទូទៅ និងជាស្តង់ដារនៅលើសកលលោក។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បាន មានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើងនាពេលនេះ ដែលផ្តោតសំខាន់លើបញ្ហា ភាពធាត់ និងផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្សនៅគ្រប់វ័យ។
ភាពធាត់មិនមែនជាបញ្ហារូបរាង ឬសោភ័ណភាពតែមួយមុខនោះទេ ប៉ុន្តែជាបញ្ហាសុខភាព សាធារណៈដ៏សំខាន់ ដែលជាកត្តាហានិភ័យនៃជំងឺមិនឆ្លងជាច្រើន និងអាចប៉ះពាល់ដល់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ប្រធានបទទាំងនេះបង្ហាញយ៉ាងច្បាស់ថា ភាពធាត់ជាបញ្ហាសុខភាពដែលមានលក្ខណៈ ស្មុគស្មាញ និងត្រូវការការយល់ដឹងបែបពហុជំនាញ។ វាមិនមែនជាការទទួលខុសត្រូវរបស់ គ្រូពេទ្យឯកទេសផ្នែកណាមួយតែមួយនោះទេ ប៉ុន្តែត្រូវការការសហការរវាងគ្រូពេទ្យឯកទេសផ្សេង ៗ ដើម្បីធ្វើការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមសូមលើកទឹកចិត្តឱ្យគ្រូពេទ្យទាំងអស់យកចំណេះដឹងពីបទបង្ហាញនាពេលនេះទៅអនុវត្ត ជាក់ស្តែង ដោយផ្តោតលើការបង្ការជំងឺ ការរកឃើញកត្តាហានិភ័យឱ្យបានឆាប់ ការអប់រំអ្នកជំងឺ អំពីរបៀបរស់នៅដែលមានសុខភាពល្អ និងការតាមដានព្យាបាលឱ្យបានទៀងទាត់។
ជាពិសេស យើងត្រូវយកចិត្តទុកដាក់លើការអប់រំសុខភាព ការលើកកម្ពស់អាហារូបត្ថម្ភសមស្រប ការធ្វើលំហាត់ប្រាណ និងការកែប្រែឥរិយាបថរស់នៅ ដោយមិនត្រូវមានការរើសអើង ឬបន្ទោស អ្នកជំងឺដែលមានបញ្ហាធាត់ឡើយ។
ក្នុងនាមជាស្ថាប័ននិយ័តកម្មវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជាមានភារកិច្ចធានាថា គ្រូពេទ្យដែលប្រកប វិជ្ជាជីវៈត្រូវមានគុណវុឌ្ឍ និងសមត្ថភាពត្រឹមត្រូវ គោរពច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌ វិជ្ជាជីវៈ។
ឯកឧត្តមសូមរំលឹកថា កិត្តិយស និងទំនុកចិត្តរបស់វិជ្ជាជីវៈគ្រូពេទ្យ មិនត្រូវបានកសាងតាមរយៈ ចំណេះដឹង ឬសមត្ថភាពព្យាបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវបានកសាងតាមរយៈសុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះអ្នកជំងឺផងដែរ។
ដូច្នេះ ឯកឧត្តមសូមអំពាវនាវដល់គ្រូពេទ្យគ្រប់រូបឱ្យចងចាំនូវគោលការណ៍សំខាន់បី៖
១. បន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជានិច្ច ដើម្បីធានាថាយើងផ្តល់សេវាដោយផ្អែកលើ ចំណេះដឹង និងភស្តុតាងវិទ្យាសាស្រ្តដែលទាន់សម័យ។
២. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពវិជ្ជាជីវៈ ដោយគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និង ការសម្រេចចិត្តរបស់អ្នកជំងឺ។
៣. ដាក់សុវត្ថិភាព និងផលប្រយោជន៍អ្នកជំងឺជាអាទិភាពខ្ពស់បំផុត ក្នុងរាល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការផ្តល់សេវាសុខាភិបាល។
ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា ទិវា CPD នេះនឹងមិនត្រឹមតែផ្តល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យ គ្រូពេទ្យយើងមានការឆ្លុះបញ្ចាំង និងកែលម្អការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនជាបន្តបន្ទាប់។
ជាចុងក្រោយ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ដែល បានបន្តខិតខំរៀបចំវេទិកាវិទ្យាសាស្ត្រនេះឡើង។ ឯកឧត្តមសូមលើកទឹកចិត្តឱ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យ រាជធានី-ខេត្តទាំងអស់ បន្តពង្រឹងកិច្ចសហការជាមួយគណៈគ្រូពេទ្យកម្ពុជា សមាគមវិជ្ជាជីវៈ និង គ្រឹះស្ថានសុខាភិបាល ដើម្បីពង្រីកឱកាសសិក្សា នឹងអភិវឌ្ឍសមត្ថភាពដល់គ្រូពេទ្យនៅទូទាំង ប្រទេស។
«គ្រូពេទ្យល្អ មិនមែនគ្រាន់តែជាអ្នកដែលមានចំណេះដឹងខ្ពស់ និងព្យាបាលជំងឺបានជោគជ័យ ប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបន្តរៀនសូត្រ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជីវិត និងសុខភាពរបស់អ្នកជំងឺ»។


