ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារជាមួយក្រុមហ៊ុន DERTOUR GROUP នៅសាធារណរដ្ឋឆែក ដើម្បីពង្រីកទីផ្សារទេសចរណ៍អឺរ៉ុបខាងកើត និងទាក់ទាញភ្ញៀវមកខេត្តព្រះសីហនុ
រដ្ឋធានីប្រាហ្គ–សាធារណរដ្ឋឆែក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារយ៉ាងសំខាន់ជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិជួរមុខមួយនៅអឺរ៉ុប ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនថែមទៀតក្នុងខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្ត ព្រមទាំងបានស្នើឱ្យភាគីក្រុមហ៊ុនជួយពង្រីកទីផ្សារទេសចរណ៍បន្ថែមទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុបខាងកើត។ បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់ និងចូលចិត្តការកម្សាន្តលើវិស័យទេសចរណ៍កីឡា និងទេសចរណ៍សុខភាពផងដែរ។
ជាការឆ្លើយតប លោកស្រី Jolanta Zavadilová បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំលើសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំជួយផ្សព្វផ្សាយ និងនាំយករាល់សំណើរបស់ឯកឧត្តមអភិបាលខេត្ត យកទៅពិភាក្សាបន្តយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន។ កិច្ចការនេះ គឺដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងពង្រីកទីផ្សារទេសចរណ៍អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដោយផ្តោតជាពិសេសមកលើខេត្តព្រះសីហនុ និងតំបន់កោះរ៉ុង។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់សណ្ឋាគារ និងរីសតនានាក្នុងខេត្ត ដើម្បីសម្របសម្រួលកិច្ចការទទួលស្វាគមន៍ ការផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានស្តង់ដារ និងភាពប្រកួតប្រជែងខ្ពស់៕
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


