លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារជំនាញកងរាជអាវុធហត្ថ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃទៅលើការងារបុគ្គលិក ការងារហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺន យោធិនជ្រើសរើសថ្មី និងបន្តចូលរួមចុះត្រួតពិនិត្យវឌ្ឍនភាព ការងារកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី

កំពង់ស្ពឺ៖ ដោយ​ទទួល​បានការ​អនុញ្ញាតនិងមានការចង្អុលបង្ហាញពី​ ឯកឧត្ដម​​​​​ នាយ​ឧត្ដម​សេនីយ៍​ សៅ​​​​​​ សុខា​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ ភូមិន្ទ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារជំនាញកងរាជអាវុធហត្ថ ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃទៅលើការងារបុគ្គលិក ការងារហ្វឹកហ្វឺន ដើម្បីត្រៀមហ្វឹកហ្វឺន យោធិនជ្រើសរើសថ្មី ក្រោមអធិបតីភាព​ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា​ ស្នងការរង ស្នងការដ្ឋានកសាង​កម្លាំង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារ ដើម្បីត្រៀមរៀបចំទទួលសិក្ខាកាមកងរាជអាវុធហត្ថថ្មីនាពេលខាងមុខនេះ។

បន្ទាប់ពី​បញ្ចប់​ភារកិច្ចការ​ងារជំនាញនៅបន្ទាយចាស់​ ឆ្លៀតក្នុងឱកាស​នោះ​ លោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា​ ជាមួយ​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បាន​បន្តចុះទៅពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំអគារថ្មីផ្ទាល់។អគារថ្មីនេះមានទំហំធំទូលាយជាងមុនឆ្ងាយ ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងត្រៀមបំពាក់ដោយបរិក្ខារទំនើបៗផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងភាពបត់បែនខ្ពស់សម្រាប់ការហ្វឹកហ្វឺន ក៏ដូចជាការអនុវត្តផ្ទាល់ផងដែរ។ទីតាំងថ្មីដ៏ធំទូលាយនេះ នឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សដ៏មានប្រសិទ្ធភាព និងជួយជម្រុញឱ្យការសិក្សាស្វែងយល់កាន់តែមានភាពរស់រវើក៕