ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកផលិតមាតិកាតាមបណ្តាញសង្គម ជាដៃគូដ៏សំខាន់ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ភ្នំពេញ៖ អ្នកផលិតមាតិកាតាមបណ្តាញសង្គម គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ព្រមទាំងមានតួនាទីក្នុងការនាំយករូបភាពកម្ពុជាពិត វប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលនៃការអភិវឌ្ឍរបស់ប្រទេសទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។

នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្នុងឱកាសជួបប្រជុំជាមួយអ្នកផលិតមាតិកាតាមបណ្តាញសង្គម ដើម្បីជំរុញការចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកផលិតមាតិកាតាមបណ្តាញសង្គម មិនមែនគ្រាន់តែជាអ្នកចែករំលែកព័ត៌មាន និងរូបភាពប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកម្ពុជា បង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សក្តានុពល និងការរីកចម្រើនរបស់ប្រទេសទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។ តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងសមត្ថភាពផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត អ្នកផលិតមាតិកាអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរូបភាពកម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថា ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាមោទនភាពជាតិដ៏ធំធេង និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា គឺជាលើកទី២ ក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសវៀតណាមដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ១៩៩៧។ ដូច្នេះ ការចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីសមត្ថភាព សក្តានុពល និងមោទនភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាលើពិភពលោក ស្របតាមគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវស្មារតី «ពង្រឹងខាងក្នុង ពង្រីកមិត្តខាងក្រៅ» ប្រកបដោយឯករាជ្យភាព និងម្ចាស់ការ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយមិនចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកម្ពុជាទៅកាន់ពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវបង្ហាញពីការពិតអំពីស្ថានភាពជាក់ស្តែងរបស់ប្រទេសនាពេលបច្ចុប្បន្ន ដើម្បីឱ្យសាធារណជនអន្តរជាតិបានស្វែងយល់កាន់តែច្បាស់ និងទូលំទូលាយ មិនមែនយល់តាមរយៈព័ត៌មាន ឬការលើកឡើងមួយចំនួនពីចម្ងាយដែលអាចមិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោះទេ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមានរូបភាពពីរដែលត្រូវយកចិត្តទុកដាក់ គឺរូបភាពកម្ពុជាពិតតាមស្ថានភាពជាក់ស្តែង និងរូបភាពកម្ពុជាដែលត្រូវបានបង្ហាញតាមរយៈការយល់ឃើញ ឬការលើកឡើងរបស់មនុស្សមួយចំនួននៅក្រៅប្រទេស ដែលមិនទាន់បានស្វែងយល់ពីស្ថានភាពពិត។ ទោះជាយ៉ាងណា កម្ពុជាក៏មិនមែនជាប្រទេសដែលគ្មានបញ្ហាប្រឈម ឬល្អឥតខ្ចោះនោះដែរ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវបង្ហាញការពិត និងការរីកចម្រើនរបស់ប្រទេសដោយផ្អែកលើព័ត៌មានត្រឹមត្រូវ និងភស្តុតាងជាក់ស្តែង។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកព័ត៌មានទូទៅអំពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie – OIF) ដែលមានសមាជិក និងរដ្ឋសង្កេតការណ៍សរុបចំនួន៩០ រួមមាន សមាជិកពេញសិទ្ធិចំនួន៥៣ សមាជិករួមចំនួន៥ និងរដ្ឋសង្កេតការណ៍ចំនួន៣២ ដែលមានវត្តមាននៅលើទ្វីបទាំង៥ និងមានអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ៣២១លាននាក់នៅទូទាំងពិភពលោក។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានបេសកកម្មសំខាន់ចំនួន៤ រួមមាន៖ ទី១ លើកតម្កើងភាសាបារាំង ពហុវប្បធម៌ និងភាពចម្រុះនៃភាសា។ ទី២ លើកតម្កើងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ទី៣ គាំទ្រវិស័យអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ។ និងទី៤ ពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាពរវាងសមាជិក។

ដោយឡែក ចំពោះប្រវត្តិចូលរួមរបស់កម្ពុជា ចលនាហ្វ្រង់កូហ្វូនី កម្ពុជាបានចូលរួមតាំងពីឆ្នាំ១៩៩១ និងទទួលបានឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Grand Baie ប្រទេសម៉ូរីស ក្នុងខែតុលា ឆ្នាំ១៩៩៣។គួរបញ្ជាក់ថា កម្ពុជាក៏មានចំណែកក្នុងប្រវត្តិស្ថាបនាចលនាហ្វ្រង់កូហ្វូនីផងដែរ ដោយព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់មានព្រះរាជតួនាទីដ៏សំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមបង្កើតចលនានេះ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិកនៃទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០។

ដូច្នេះហើយ ការចូលរួមរបស់អ្នកផលិតមាតិកាតាមបណ្តាញសង្គមក្នុងការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការនាំយករូបភាពកម្ពុជាពិតទៅកាន់សាធារណជនអន្តរជាតិ បង្ហាញពីមោទនភាពជាតិ និងរួមចំណែកពង្រឹងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៕