លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ចូលរួម «កិច្ចសន្ទនាថ្នាក់ដឹកនាំទីក្រុងសកលលោក ឆ្នាំ២០២៦» នៅប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ប្រទេសចិន ៖ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ នៅទីក្រុងនីងប៉ូ ខេត្តចឺជាំង ប្រទេសចិន លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងសហការី បានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ដឹកនាំទីក្រុងសកលលោក ឆ្នាំ២០២៦ (Global Mayor’s Dialogue 2026) ក្រោមមូលបទ «ការបើកចំហ និងការតភ្ជាប់ ដើម្បីឱកាសរួមគ្នា» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងទីក្រុងចំនួន២០ មកពី១៥ប្រទេស រួមទាំងអ្នកចូលរួមសរុបជាង២៦០រូប។
កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ រៀបចំ ឡើងក្នុងគោលបំណងជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងបណ្តាទីក្រុង និងខេត្តដែលបានចូលរួម។ ជាពិសេស តាមរយៈកិច្ចសន្ទនានេះ ទីក្រុងនីងប៉ូបានឯកភាពចេញ «គោលការណ៍រួម ស្តីពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ» (Ningbo Consensus on Cooperative Development) ដោយផ្តោតលើអាទិភាពគន្លឹះសំខាន់ៗចំនួន៣ រួមមាន៖
១.ការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម
២.ការគាំទ្រពាណិជ្ជកម្មបើកចំហ
៣.ការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ គឺជាជំហានដ៏មានតម្លៃមួយបន្ថែមទៀតក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាទីក្រុងជាសកលផងដែរ៕
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


