លោកជំទាវ សុវណ្ណ វណ្ណារតន៍ ចែករំលែកសក្ខីកម្ម និងបទពិសោធជាក់ស្តែងក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ នាវេទិកាស្រ្តីឆ្នើមនៅកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាស្រ្តីឆ្នើមនៅកម្ពុជា ដោយបានចែករំលែកសក្ខីកម្ម និងបទពិសោធជាក់ស្តែងក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ ដែលរៀបចំឡើងនៅសាកលវិទ្យានីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
វេទិកានេះគឺជាឱកាសចែករំលែកសក្ខីកម្ម និងបទពិសោធជាក់ស្តែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមដែលស្ត្រីកំពុងជួបប្រទះ សំដៅកែប្រែផ្នត់គំនិត និងឥរិយាបថសង្គម។ ម្យ៉ាងទៀតក៏ដើម្បីជំរុញកិច្ចសន្ទនា និងការពិចារណារួមគ្នាលើវិធីសាស្ត្រលុបបំបាត់ការរើសអើង និងការគិតទុកជាមុន (ការវិនិច្ឆ័យដោយគ្មានមូលដ្ឋាន) ព្រមទាំងពង្រឹងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា។
តាមរយៈកិច្ចពិភាក្សា និងការចែករំលែកក្នុងអង្គពិធីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបង្ហាញជូនអំពីសមិទ្ធផលដែលក្រសួងបានអនុវត្ត ដើម្បីការលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតជាស្រ្តី តាមរយៈការផ្សព្វផ្សាយបញ្រ្ជាបអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសក្រសួងមានយន្តការអធិការកិច្ចការងារច្បាស់លាស់ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកវាយតម្លៃលក្ខខណ្ឌការងារនៃគម្រោង ILO-BFC និងតែងតែយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវការកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធអំពីច្បាប់ការងារ។
លោកជំទាវបានបន្តថា ចំពោះកិច្ចការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយគម្រោង ILO-BFC បានបង្កើតផែនការយុទ្ធសាស្ត្រយេនឌ័រ ឆ្នាំ២០២៤-២០២៧ ដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើង លើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ លើកកម្ពស់ការចូលរួមរបស់ស្រ្តីនៅគ្រប់យន្តការ បង្កើនការយកចិត្តទុកដាក់លើស្ត្រីក្នុងពេលលម្ហែមាតុភាពនិងសេវាទារកដ្ឋាន និងផ្តល់ការបណ្តុះបណ្តាលបន្ថែមអំពីភាពជាអ្នកដឹកនាំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងភាពអង់អាចរបស់ស្រ្តីផងដែរ។ លើសពីនេះ កម្មវិធីសមភាពយេនឌ័រ និងផលតបស្នង (GEAR) ដែលបាននិងកំពុងដំណើរការ ក៏ជាកម្មវិធីជួយរោងចក្របង្កើនផលិតភាពការងារនៅតាមខ្សែច្រវាក់ផលិតកម្ម តាមរយៈការផ្តល់ជំនាញចាំបាច់ដល់កម្មករនិយោជិតជាស្រ្តីក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព នៅពេលដែលកម្មករនិយោជិតត្រូវបានដំឡើងតំណែងជាប្រធានក្រុម ប្រធានផ្នែក។
លោកជំទាវក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី ជាពិសេសជំរុញឱ្យមានការផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យបានចូលរួមគ្រប់វិស័យ ដើម្បីបញ្ឈប់ការរើងអើងលើស្រ្តីក្នុងវិស័យការងារ ដោយក្រសួងបន្តពង្រឹងយន្តការបញ្ជ្រាបការយល់ដឹង និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រយ៉ាងសកម្មបំផុត តាមរយៈការបន្តស្តាប់និងកត់ត្រានូវរាល់តម្រូវការជាក់ស្តែងរបស់កម្មការិនី បន្តកសាងសមត្ថភាពស្រ្តីលើជំនាញបច្ចេកទេស ឌីជីថល ហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ ជំនាញទន់សហគ្រិនភាព ចំណេះដឹងសុខភាព និងសិទ្ធិការងារ បន្តលើកកម្ពស់ការចូលរួមពីគ្រប់ភាគី ជាពិសេសនិយោជក គ្រួសារ និងសហគមន៍ បន្តលើកកម្ពស់កិច្ចសន្ទនាសង្គម កំណត់អាទិភាពការងារដល់និយោជិតជាស្ត្រីឱ្យបានជាក់លាក់ ជាពិសេសគឺបន្តធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា មុំទី១ «មូលធនមនុស្ស» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការបណ្តុះបណ្តាលមូលធនមនុស្សម្នាក់ៗ ជាពិសេសស្ត្រី គឺត្រូវឱ្យមានចំណេះជំនាញមួយយ៉ាងតិច មិនថាជំនាញទន់ ជំនាញរឹង ជាពិសេសគឺមានសុខភាពល្អ៕


