កសិករចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ អាចទទួលបានទុន បច្ចេកទេស ការភ្ជាប់ទីផ្សារ និងជំនួយផ្នែកច្បាប់

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍លើកទឹកចិត្តឱ្យកសិករចូលរួមជាសមាជិករបស់សមាគមបណ្ដាញកសិករតេជោ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមិនស្វែងរកប្រាក់ចំណេញ ហើយបង្កើតដើម្បីជួយសម្របសម្រួល សម្រាប់ស្វែងរកដំណោះស្រាយការលំបាកផ្សេងៗរបស់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ៖ “បងប្អូនអាចចូលរួមជាសមាជិករបស់សមាគមបណ្តាញកសិករតេជោរបស់យើងជាលក្ខណៈបុគ្គលបាន បើទោះបីបងប្អូនស្ថិតនៅក្នុងសហគមន៍កសិកម្មណាក៏ដោយ ដែលទុកលទ្ធភាពឱ្យយើងខ្ញុំជួយសម្របសម្រួល និងដោះស្រាយ ចែករំលែកនូវការលំបាកមួយចំនួនរបស់បងប្អូន ដែលធ្វើឱ្យបងប្អូនឹងទទួលបាននូវផលប្រយោជន៍ផ្សេងៗគ្នា”។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខប្រជាកសិករនៅសាលាស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមាការអញ្ជើញចូលរួមជាកិត្តិយសពីលោក សេង សំអាង អភិបាលរងខេត្តកំពង់ធំ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណ៣០០នាក់។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍គូសបញ្ជាក់ថា តួនាទីធំទី១របស់សមាគមបណ្តាញកសិករតេជោគឺចង់ធ្វើជាខែលការពារបងប្អូនប្រជាកសិករកុំឱ្យរងកម្ដៅ កុំឱ្យរងារ ប្រៀបដូចជាឆ័ត្រឱ្យបងប្អូនជ្រកភ្លៀង ជ្រកកម្តៅបាន។ សមាគមនឹងជួយការពារនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់ប្រជាកសិករ បើសិនជាត្រូវបានគេរំលោភបំពានទៅលើផលប្រយោជន៍ស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន ដោយសមាគមអាចចេញមុខជួយផ្តល់យោបល់ទាមទារនូវផលប្រយោជន៍របស់បងប្អូនមកវិញ ហើយបើប្រជាកសិករខ្វះមេធាវី សមាគមអាចជួលមេធាវីមកជួយការពារថែមទៀត។

តួនាទីធំទី២របស់សមាគម រួមមាន៖១ គឺចង់ធ្វើជាស្ពានឱ្យបងប្អូនកសិករទូទាំងប្រទេស ដែលជួបបញ្ហាខ្វះទុន ដើរឆ្លងទៅរកប្រភពទុនយកមកធ្វើកសិកម្ម។ សមាគមអាចជួយសម្របសម្រួលជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារផ្សេងៗដែលអាចមានលទ្ធភាពផ្ដល់កម្ចីដល់កសិករបាន។ ទី ២ គឺស្ពានដើរទៅរកព័ត៌មានទីផ្សារ។ ទី ៣ គឺស្ពានដើរទៅរកបច្ចេកទេសនៃការដាំដុះ និងចិញ្ចឹម និងទី៤ គឺជាស្ពានជួយចម្លងសំឡេងរបស់ប្រជាកសិករ សំឡេងនៃការលំបាករបស់បងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន ដែលសមាគមអាចពាំនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរសមត្ថកិច្ចអាចជួយដោះស្រាយ ។

ដូចនេះទេ សូមបងប្អូនប្រជាកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ឱ្យបានច្រើន ដើម្បីឱ្យសមាគមអាចជួយផ្តល់ជាព័ត៌មាន ផ្តល់ជាយោបល់ និងជួយរំលែកការលំបាករបស់បងប្អូនប្រជាកសិករ៕