រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍សុខភាព

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council – MHTC) ចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីសេវាទេសចរណ៍សុខភាពនៅប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូដឹកនាំសម្របសម្រួលដោយឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក Dato’ Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី ព្រមទាំងសហការី។

ជំនួបនេះផ្តោតលើការពង្រីកកិច្ចសហការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលមានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីសេវាថែទាំសុខភាព និងលទ្ធភាពទទួលបានសេវាព្យាបាលនៅប្រទេសម៉ាឡេស៊ី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន។

កិច្ចជំនួបនេះបានបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យសុខាភិបាល និងទេសចរណ៍សុខភាព ព្រមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើង៕