កំពង់ដេវ៉ារីហ្សត បន្តយុទ្ធនាការសម្អាតឆ្នេរនៅខេត្តព្រះសីហនុ រួមចំណែកកសាងសហគមន៍ប្រកបដោយចីរភាព

ខេត្តព្រះសីហនុ៖ ក្រោមស្មារតី «ទឹកស្អាត ដីស្អាត ខ្យល់ស្អាត» មូលនិធិកំពង់ដេវ៉ា នៃកំពង់ដេវ៉ារីហ្សត បន្តរៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រជាប្រចាំ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ កាត់បន្ថយសំណល់ និងលើកកម្ពស់សោភណភាពតំបន់ឆ្នេរឱ្យកាន់តែស្អាតស្រស់បំព្រង។

យុទ្ធនាការសម្អាតឆ្នេរដែលត្រូវបានរៀបចំឡើងស្ទើរតែរៀងរាល់ខែនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីបុគ្គលិកស្ម័គ្រចិត្តរបស់កំពង់ដេវ៉ារីហ្សត អាជ្ញាធរដែនដី និងប្រជាសហគមន៍មូលដ្ឋាន។ នៅក្នុងសកម្មភាពចុងក្រោយនេះ អ្នកស្ម័គ្រចិត្តចំនួន ៥៨ នាក់ បានរួមគ្នារើស និងប្រមូលសំរាមបានរហូតដល់ជាង ៣៣៤ គីឡូក្រាម។ គិតចាប់តាំងពីខែកក្កដាមក មូលនិធិប្រមូលសំរាមបានសរុបជាង ២,២ តោន ដោយមានការចូលរួមពីបុគ្គលិក ១៦៨ នាក់ និងសមាជិកសហគមន៍ ៤៥ នាក់។

លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដោយលោកបានបញ្ជាក់ថា ការចូលរួមរបស់កំពង់ដេវ៉ារីហ្សត គឺជាគំរូដ៏ល្អ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» ដើម្បីធានាបាននូវបរិស្ថានរស់នៅប្រកបដោយសុខសុវត្ថិភាព។

ជាមួយគ្នានេះ លោកស្រី ី Angioline Villanuevaនាយិកាគ្រប់គ្រងធនធានមនុស្សនៃកំពង់ដេវ៉ារីហ្សត បានលើកឡើងថា៖ «សកម្មភាពសម្អាតនេះ មានអត្ថន័យលើសពីការប្រមូលសំរាម។ វាគឺជាការចូលរួមការពារជីវិតសត្វសមុទ្រ កាត់បន្ថយការបំពុល និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍យើងឱ្យកាន់តែប្រសើរឡើង»។

គួរបញ្ជាក់ផងដែរថា កំពង់ដេវ៉ារីហ្សត សីហនុ គឺជាគោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្បូរបែបរួមបញ្ចូលគ្នា នៅក្នុងខេត្តព្រះសីហនុ ដែលរួមមានសណ្ឋាគារប្រណីត ក្លឹបឆ្នេរខ្សាច់ និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន។ តាមរយៈ «មូលនិធិកំពង់ដេវ៉ា» Resort មួយនេះបានអនុវត្តការងារសង្គម និងបរិស្ថាន (CSR) យ៉ាងសកម្មតាមក្របខណ្ឌ Panca Krida ដើម្បីភ្ជាប់ជោគជ័យអាជីវកម្មទៅនឹងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕