ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

កិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការទី៣។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន ពិនិត្យបញ្ហាប្រឈម និងពង្រឹងការសម្របសម្រួលរវាងក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមផែនការដែលបានកំណត់។

ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់លើការអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយត្រូវមានផែនការការងារច្បាស់លាស់ ការបែងចែកការទទួលខុសត្រូវជាក់លាក់ និងការសហការសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថារាល់សកម្មភាពត្រៀមរៀបចំត្រូវបានអនុវត្តទាន់ពេលវេលា និងមានភាពស៊ីសង្វាក់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការធានាឱ្យព័ត៌មានដែលផ្សព្វផ្សាយជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ មានភាពត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា និងមានប្រភពច្បាស់លាស់ ព្រមទាំងត្រូវពង្រឹងការតាមដាន វិភាគព័ត៌មាន និងការឆ្លើយតបរហ័សចំពោះព័ត៌មានមិនត្រឹមត្រូវដែលអាចប៉ះពាល់ដល់ដំណើរការរៀបចំ និងរូបភាពរបស់កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើការត្រៀមលក្ខណៈបច្ចេកទេស ការគ្រប់គ្រងមណ្ឌលព័ត៌មាន ការផ្សាយផ្ទាល់ ការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ព្រមទាំងការផ្គត់ផ្គង់សម្ភារៈ និងធនធានចាំបាច់ ដោយត្រូវមានផែនការបម្រុងសម្រាប់ដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់បន្តពង្រឹងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងការងារជាក្រុម ដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក។

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងារ អនុគណៈកម្មការទី៣ បានរៀបចំបង្កើតក្រុមការងារចំនួន៩ ដើម្បីជួយសម្របសម្រួល និងអនុវត្តភារកិច្ចតាមជំនាញនីមួយៗ រួមមាន៖

១- ក្រុមការងារទី១ ទទួលបន្ទុកការងារអ្នកនាំពាក្យ ២- ក្រុមការងារទី២ ទទួលបន្ទុកការងារសម្របសម្រួលទូទៅ និងពិធីការ ៣- ក្រុមការងារទី៣ ទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការមណ្ឌលព័ត៌មាន ៤- ក្រុមការងារទី៤ ទទួលបន្ទុកគ្រប់គ្រងការផ្សាយផ្ទាល់ ៥- ក្រុមការងារទី៥ ទទួលបន្ទុកគ្រប់គ្រងការផ្សាយរបស់វិទ្យុជាតិ ៦- ក្រុមការងារទី៦ ទទួលបន្ទុកគ្រប់គ្រង និងត្រួតពិនិត្យខ្លឹមសារសម្រាប់ការផ្សព្វផ្សាយ ៧- ក្រុមការងារទី៧ ទទួលបន្ទុកតាមដាន និងវិភាគព័ត៌មាន ព្រមទាំងការឆ្លើយតបរហ័ស ៨- ក្រុមការងារទី៨ ទទួលបន្ទុកផ្សព្វផ្សាយតាមបណ្តាញសង្គម និងសហការជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ៩- ក្រុមការងារទី៩ ទទួលបន្ទុកការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។

ការបង្កើតក្រុមការងារទាំង៩នេះ គឺជាយន្តការសម្រាប់ពង្រឹងការបែងចែកភារកិច្ច ការទទួលខុសត្រូវ និងការសម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថាការងារព័ត៌មាន និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយមានរបៀបរៀបរយ និងលទ្ធផលល្អជោគជ័យ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ៕