មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច និងពង្រឹងសណ្ដាប់ធ្នាប់ដល់អ្នករត់រ៉ឺម៉កកង់បី ដើម្បីពង្រឹងទំនុកចិត្តភ្ញៀវទេសចរ
ខេត្តព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំវគ្គអប់រំបណ្ដុះបណ្ដាលស្តីពី «ការទទួលបដិសណ្ឋារកិច្ច និងការពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមរយៈម៉ូតូរ៉ឺម៉កកង់បី» ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។ វគ្គបន្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត ព្រមទាំងអ្នករត់ម៉ូតូរ៉ឺម៉កកង់បីជាច្រើនរូប។
ក្នុងឱកាសនោះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីអនុវត្តតាមផែនការរបស់មន្ទីរទេសចរណ៍ ព្រមទាំងមានការណែនាំពីដ្ឋបាលខេត្ត និងក្រសួងទេសចរណ៍ ក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរក្រៅប្រព័ន្ធ។ លោកបានបញ្ជាក់បន្ថែមថា មន្ទីរទេសចរណ៍បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត រៀបចំវគ្គនេះឡើងជាពិសេសដើម្បីត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចដឹកជញ្ជូនភ្ញៀវទេសចរតាមនាវាខណៈពេល ដែលបច្ចុប្បន្នមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះ ប្រតិបត្តិករទាំងអស់ត្រូវបង្កើនសមត្ថភាព ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យចង់មកលេងកម្សាន្តនៅខេត្តព្រះសីហនុ «មកម្ដងហើយចង់មកម្ដងទៀត»។
ជាបន្ទាប់ លោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុ បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមខេត្តព្រះសីហនុជាប៉ូលទេសចរណ៍ដ៏មានសក្តានុពល តម្រូវឱ្យអ្នកប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យនេះ ពិសេសបងប្អូនអ្នករត់រ៉ឺម៉កកង់បី ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជើញចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីពង្រឹងកម្រិតនៃការទទួលទាក់ទង និងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែល្អប្រសើរ។
លោកក៏បានធ្វើការអំពាវនាវ និងណែនាំដល់បងប្អូនអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ត្រូវ៖
១. យកចិត្តទុកដាក់លើសម្លៀកបំពាក់៖ ត្រូវស្លៀកពាក់ឱ្យបានស្អាតបាត សមរម្យ និងត្រឹមត្រូវ។ សម្រាប់បងប្អូនដែលជាសមាជិកសមាគមក្រៅប្រព័ន្ធ ត្រូវស្លៀកពាក់ឯកសណ្ឋានដែលសមាគមបានផ្តល់ជូន ដោយមិនត្រូវស្លៀកពាក់ខោអាវក្រៅផ្លូវការ ឬមិនសមរម្យ ដែលប៉ះពាល់ដល់មុខមាត់អ្នកផ្តល់សេវាកម្មទេសចរណ៍ឡើយ។
២.បង្កើតទំនុកចិត្ត និងកិត្តិយសខេត្ត៖ ការប្រកបរបរដោយវិជ្ជាជីវៈ និងសីលធម៌ល្អ នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្តមកលើយើង ដែលនេះមិនត្រឹមតែជួយដល់ជីវភាពផ្ទាល់ខ្លួនរបស់បងប្អូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងមុខមាត់ និងកិត្តិនាមដ៏ល្អប្រពៃជូនដល់ខេត្តព្រះសីហនុទាំងមូលផងដែរ៕
អត្ថបទ៖ម៉ារ៉ាឌី


