បន្តការចុះផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ លើការថែរក្សាប្រព័ន្ធលូសាធារណៈ ការគ្រប់គ្រងទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ
នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី ផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង «ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់» នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ តំណាងរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមយុវជនកាយរឹទ្ធិ ក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា នៃខេត្តទាំងពីរ និងក្រុមយុវជនកាកបាទក្រហម សរុបទាំងពីរខេត្ត ចំនួនប្រមាណ ២៩០ នាក់។
កម្មវិធីផ្សព្វផ្សាយអប់រំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយបង្កើនចំណេះដឹង និងអប់រំបញ្ជ្រាបការយល់ដឹងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ជំរុញការចូលរួមថែរក្សាប្រព័ន្ធលូសាធារណៈ ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រព័ន្ធទឹកកខ្វក់ កាតព្វកិច្ចតាមផ្លូវច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ បានឈ្វេងយល់ពីការគ្រប់គ្រងទឹកកខ្វក់ ប្រកបដោយប្រសិទ្ធិភាព។
សូមបញ្ជាក់ជូនថាកម្មវិធីផ្សព្វផ្សាយអប់រំនេះ បានរំលេចអំពីសារអប់រំដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ អំពីវិធីការពារបរិស្ថានគួរចាប់ផ្តើមពីកុមារ រួមទាំងយុវជនដែលជាទំពាំងស្នងឫស្សី។ ជាមួយគ្នានោះ ដើម្បីឱ្យប្អូនៗសិស្សានុសិស្សមានចំណេះដឹង មានទម្លាប់ល្អក្នុងការរស់នៅប្រកបដោយអនាម័យ ការទទួលខុសត្រូវចំពោះបរិស្ថាន ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ បន្តជំរុញការផ្សព្វផ្សាយ ណែនាំ ដើម្បីធានាថាប្រព័ន្ធទឹកកខ្វក់ត្រូវបានប្រើប្រាស់ ថែរក្សាប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕



