ឯកឧត្តម ឈិន កេតនា÷ កម្ពុជាត្រៀមរៀបចំពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា
ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នាយករដ្ឋមន្ត្រីប្រទេសកាណាដា ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានានាពេលខាងមុខនេះ។ ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមតាមការអញ្ជើញ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូននូវខ្លឹមសារសំខាន់ៗនៃលិខិតផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់អំពីភារកិច្ចចាំបាច់នានា ដើម្បីធានាថា ពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់បំផុត។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ប្រទេសកាណាដា ដែលដឹកនាំដោយ ឯកឧត្តម ម៉ាក ជូសេហ្វ ខានី (Mark Joseph Carney) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ដើម្បីធានានូវភាពជោគជ័យនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ អង្គប្រជុំបានឯកភាពគ្នាយ៉ាងម៉ត់ចត់ ក្នុងការបែងចែកភារកិច្ច និងការទទួលខុសត្រូវជាក់ស្តែង ជូនដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងនោះ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ភារកិច្ចក្នុងការរៀបចំផែនការការពារ រក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងការសម្រួលចរាចរណ៍នៅគ្រប់ទីកន្លែងដែល ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ច។
លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់តាំងកម្លាំងសិស្សសាលារដ្ឋ កាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងក្រុមភ្លេងកាយរឹទ្ធិជាតិកម្ពុជារាជធានីភ្នំពេញ ឈរតាមដងផ្លូវ ដើម្បីសម្តែងគារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ។ ទន្ទឹមនឹងនេះ ការងារអនាម័យ បរិស្ថាន និងសោភ័ណភាពក្រុង ក៏ត្រូវបង្កើនកម្រិតផងដែរ ដោយរួមមាន ការលាងសម្អាតតាមដងផ្លូវ សួនច្បារសាធារណៈ ពិសេសនៅជុំវិញតំបន់ប្រវត្តិសាស្ត្រសំខាន់ៗ ។
ដោយឡែក រដ្ឋបាលខេត្តកណ្តាល ទទួលភារកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ ដើម្បីធានាឱ្យបានដាច់ខាតនូវសុវត្ថិភាព និងភាពរលូនជូនគណៈប្រតិភូ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកណ្តាល ក៏នឹងទទួលខុសត្រូវលើការធ្វើអនាម័យ សម្អាតតាមដងផ្លូវចាប់ពីច្រកចេញចូលអាកាសយានដ្ឋានអន្តរជាតិតេជោ មកទល់ព្រំប្រទល់រាជធានីភ្នំពេញផងដែរ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ប្រធានអង្គប្រជុំ បានសំណូមពរដល់សមាជិក សមាជិកា និងតំណាងស្ថាប័នទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់ខ្លួន ដើម្បីជ្រាបជាព័ត៌មាន និងទទួលអនុវត្តភារកិច្ចដែលបានប្រគល់ជូន ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យតាមផែនការដែលបានគ្រោងទុក។
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្លែផ្កាថ្មីមួយទៀតក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។


