នាយកវិទ្យាល័យជាស៊ីមសាមគ្គីមានមោទនភាពដែល NOCC ចុះផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិក
លោក ផាន់ ណិល នាយកវិទ្យាល័យ ជាស៊ីម សាមគ្គី បានបង្ហាញមោទនភាពចំពោះការចុះផ្សព្វផ្សាយរបស់ក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)នូវកម្មវិធីអប់រំគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្សរបស់លោក ដែលមានការចូលរួមលេងកីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព។
ការលើកឡើងរបស់ លោកនាយកវិទ្យាល័យ ក្នុងឱកាសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តយុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិកដល់សិស្សា នុសិស្ស ២៥០នាក់ នៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ ។
លោក ផាន់ ណិល គូសបញ្ជាក់ថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺជាគុណតម្លៃធំធេងណាស់ ដើម្បីឱ្យប្អូនៗសិស្សានុសិស្សបានឈ្វេងយល់អំពីអត្ថប្រយោជន៍នៃការលេងកីឡា ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន គឺប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត ដែលជាសារដ៏សំខាន់ក្នុងការជួយឱ្យខ្លួនយើងមានសុខភាពមាំមួនល្អ មានសាមគ្គីភាពល្អ។ ខ្ញុំពិតជាសប្បាយរីករាយ ហើយខ្ញុំសង្ឃឹមថាប្អូនៗសិស្សានុសិស្សទាំងអស់នឹងទទួលបាននូវចំណេះដឹងអំពីគុណតម្លៃអូឡាំពិក ក្រោមការចែករំលែកពីគ្រូឧទ្ទេសប្រចាំវគ្គរបស់ NOCC»។
គួរបញ្ជាក់ថា NOCC បានចាប់ផ្តើមបើកយុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ក្រោមជំនួយសាមគ្គីអូឡាំពិក-Olympic Solidarity ជាវិទ្យាល័យទី២ បន្ទាប់ពីបានធ្វើឡើងនៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយមានការចូលរួមពីសិស្សានុសិស្សជាង ២០០នាក់ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការចុះបញ្ជ្រាបការផ្សព្វផ្សាយនេះចែករំលែកដោយលោក សោម សុទ្ធរិទ្ធិពង្ស មន្ត្រី NOCC និងជាគ្រូឧទ្ទេសប្រចាំវគ្គ។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺយើងចង់បញ្ជ្រាបដល់យុវជននូវខ្លឹមសារ អ្វីទៅដែលហៅថា គុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយផ្តោតសំខាន់លើយុទ្ធនាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ដោយនឹងមាន៤៥ប្រទេសចូលរួមប្រកួតនៅកម្ពុជា។ NOCC បានឧបត្ថម្ភបាល់ទាត់ បាល់ទះ បាល់បោះចំនួន២០ ក្នុង១វិទ្យាល័យ ខណៈ២វិទ្យាល័យបន្ទាប់ និងបណ្តាខេត្តមួយចំនួនទៀតនឹងចុះផ្សព្វផ្សាយកម្មវិធីដូចគ្នានេះផងដែរ៕


