ក្រុមកំណាយអង់គ្លេសបានរកឃើញអណ្តូងទឹកបុរាណធ្វើពីឈើចំនួន៥ដែលមានអាយុកាលជាង២០០០ឆ្នាំ សាងសង់ចន្លោះឆ្នាំ៧១៩-៣៩៦មុន គ.ស
អណ្តូងទឹកធ្វើពីឈើចំនួន ៥ ត្រូវបានរកឃើញ ដោយខ្លះមានអាយុកាលជាង ២.០០០ ឆ្នាំមកហើយ។ អណ្តូងទាំងនេះត្រូវបានគេរកឃើញអំឡុងពេលជីកកកាយដើម្បីដាក់បំពង់បង្ហូរទឹកសម័យទំនើប។ អ្នកស្រាវជ្រាវបានសង្ស័យថា ពួកគេអាចនឹងរកឃើញអ្វីមួយនៅទីនេះបន្ថែមទៀត ប៉ុន្តែមិននឹកស្មានថាវាមានទំហំធំធេងបែបនេះសោះ។ លោកស្រី Rachel Geoghegan អ្នកគ្រប់គ្រងគម្រោងនៅអង្គការ UCL Archaeology South-East បានពន្យល់ថា៖ យើងកំពុងធ្វើការស្រាវជ្រាវជាផ្នែកមួយនៃគម្រោងដាក់បំពង់បង្ហូរទឹកថ្មីរបស់ក្រុមហ៊ុន Southern Water នៅក្បែរទីក្រុង Southampton របស់ចក្រភពអង់គ្លេស។ យើងដឹងថាអាចនឹងមានវត្ថុបុរាណខ្លះនៅទីនោះ ប៉ុន្តែយើងមិនបានដឹងថាវាមានទំហំធំកម្រិតណានោះទេ រហូតទាល់តែយើងបើកការជីកកកាយក្នុងផ្ទៃដីធំជាងមុនបន្ថែម ហើយយើងក៏បានប្រទះឃើញបំណែកឈើទាំងនេះ។ អណ្តូងទាំងនេះត្រូវបានជីកភ្ជាប់ទៅនឹងប្រភពទឹកធម្មជាតិ ហើយទំនងជាត្រូវបានប្រើប្រាស់ជាប្រភពទឹកសម្រាប់ប្រជាជនក្នុងតំបន់អស់រយៈពេលរាប់រយឆ្នាំ។ ការកំណត់អាយុកាលបឋមដោយប្រើវិធីសាស្ត្រវិទ្យុសកម្មកាបូន ឬ radiocarbon dating ដោយបង្ហាញថា៖ អណ្តូងមួយក្នុងចំណោមនោះត្រូវបានសាងសង់ឡើងនៅក្នុងសម័យដែកលោហៈ ឬ Iron Age ក្នុងចន្លោះឆ្នាំ៧១៩ ដល់៣៩៦ មុនគ.ស។ អណ្តូងទាំង ៤ ពីសម័យដែកលោហៈនោះ ត្រូវបានធ្វើឡើងដោយយកគល់ឈើមកចោះឱ្យប្រហោង រួចដាក់ចូលទៅក្នុងរណ្តៅដែលបានជីកទុក។ អណ្តូងដែលធំជាងគេមានអង្កត់ផ្ចិត៧០សង់ទីម៉ែត្រឯណោះ។ អ្វីដែលធ្វើឱ្យអណ្តូងទាំងនេះមានលក្ខណៈពិសេសខុសប្លែកពីធម្មតា គឺដោយសារតែឈើទាំងនោះនៅរក្សាគុណភាពបានល្អប្រសើរ។ លោកស្រី Geoghegan បានឱ្យដឹងថា ឈើខ្លះនៅមានផ្នែកដែលហៅថា «sapwood» ជាស្រទាប់ឈើខ្ចីដែលស្ថិតនៅក្រោមសំបកឈើនៅឡើយ។ លោកស្រីបានបន្ថែមថា៖ ជាធម្មតា ផ្នែកនេះងាយនឹងរលួយមុនគេ។ ដូច្នេះ ការដែលយើងនៅតែឃើញផ្នែកឈើខ្ចីនេះនៅគង់វង្សលើបំណែកឈើទាំងនោះបាន គឺវាជារឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ វាក៏ជួយឱ្យយើងអាចកំណត់ចន្លោះកាលបរិច្ឆេទបានយ៉ាងច្បាស់លាស់ តាមរយៈការវិភាគរង្វង់នៃឈើ (tree-ring dating) ដែលមាននៅលើឈើទាំងនោះបានដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


