លោក Donald Trump ប្រាប់ថា៖ លោកមិនបានបារម្ភសូម្បីតែបន្តិចពីការចោទប្រកាន់នានាមកលើបក្សសាធារណរដ្ឋថាបានបង្កើតសង្រ្គាម និងបង្ខំឱ្យដករដ្ឋមន្រ្តីសង្រ្គាមចេញនោះ
ប្រធានាធិបតី Donald Trump បាននិយាយថា៖ លោកមិនបានបារម្ភសូម្បីតែបន្តិច អំពីការដែលគណបក្សប្រជាធិបតេយ្យព្យាយាមចោទប្រកាន់បក្សលោក ដើម្បីទម្លាក់លោកចេញពីតំណែង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ ប្រសិនបើពួកគេធ្វើបែបនោះ វានឹងបំផ្លាញគណបក្សប្រជាធិបតេយ្យខ្លួនឯង។ លោកបានបន្តថា៖ តើការចោទប្រកាន់ដើម្បីទម្លាក់ចេញពីតំណែងដោយគ្មានហេតុផលសមស្របនោះ… តើវាដោយសារតែយើងមានប្រទេសជាតិមួយដែលជោគជ័យឬ?។ នៅពេលនិយាយអំពីផលប៉ះពាល់នៃសង្គ្រាមជាមួយអ៊ីរ៉ង់មកលើការបោះឆ្នោត លោក Trump បានលើកឡើងថា៖ ខ្ញុំដឹងថាសង្គ្រាមនឹងជះឥទ្ធិពលលើប្រជាប្រិយភាពនិងលទ្ធផលបោះឆ្នោតរបស់ខ្ញុំ ប៉ុន្តែទោះបីជាវាមានឥទ្ធិពលឬអត់ក៏ដោយ ក៏អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។ ការសន្និដ្ឋានជាច្រើនក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ អំពីលទ្ធភាពនៃការផ្លាស់ប្តូររដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី បានផ្តោតសំខាន់ទៅលើរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬ រដ្ឋមន្រ្តីសង្រ្គាមអាម៉េរិក លោក Pete Hegseth ដែលជាតួអង្គសំខាន់មួយក្នុងការជំរុញឲ្យមានសង្គ្រាមជាមួយអ៊ីរ៉ង់ (សង្គ្រាមដែលមិនសូវទទួលបានការគាំទ្រពីសាធារណជន ឬ ប្រជាជនអាម៉េរិកាំង) ហើយលោកក៏កំពុងក្លាយជាគោលដៅចម្បងមួយរបស់សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាផងដែរ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកមិនមានគម្រោងផ្លាស់ប្តូរលោក Pete Hegseth ចេញពីតំណែងនោះទេ ដោយលោកបាននិយាយថា៖ ខ្ញុំគិតថាគាត់កំពុងបំពេញការងារបានយ៉ាងល្អ។ ឈ្មោះរបស់លោក Pete Hegseth ក៏ត្រូវបានគេលើកឡើងផងដែរថា អាចនឹងត្រូវបានតែងតាំងជាសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Tennessee ដែលជាកន្លែងដែលសមាជិកព្រឹទ្ធសភាបច្ចុប្បន្នគឺលោកស្រី Marsha Blackburn មកពីគណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋកាលពីថ្ងៃអង្គារនោះ ហើយលោកស្រីអាចនឹងជ្រើសរើសអ្នកមកជំនួសតំណែងរបស់លោកស្រីជាបណ្តោះអាសន្ន។ នៅពេលនិយាយអំពីលទ្ធភាពដែលលោក Pete Hegseth អាចនឹងចូលកាន់កាប់កៅអីរបស់លោកស្រី Blackburn ឬទេ? ស្រាប់តែលោក Trump បាននិយាយថា៖ តាមពិតទៅ ខ្ញុំគិតថាគាត់នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ប្រសិនបើគាត់ធ្វើបែបនោះ»។ យោងតាមកាសែត Knoxville News Sentinel លោក Hegseth បានផ្លាស់ទៅរស់នៅរដ្ឋ Tennessee ជាមួយគ្រួសាររបស់គាត់រួចមកហើយក្នុងឆ្នាំ២០២២៕
សម្រួលអត្ថបទ៖ សុផារិន្ទ


