រដ្ឋមន្រ្តីក្រសួងបរិស្ថានទទួលជួបអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពលើវិស័យបរិស្ថានក្នុងនាមខ្មែរតែមួយ
ទីស្តីការក្រសួងបរិស្ថាន៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ស្នើសុំស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បី ប្រមូលជាធាតុចូលសម្រាប់ការអនុវត្តគម្រោងរបស់អង្គការ CIPO ដោយផ្តោតលើការអភិរក្សជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវត្រីវិស័យបង្ហាញផ្លូវ តាមរយៈសៀវភៅយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន NDC3.0 និង សៀវភៅក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលឯកសារទាំងនេះ បានពន្យល់ពិស្តារដោយមិនមានការកំណត់ជនជាតិដើមភាគតិចឡើយ ឱ្យតែជាប្រជាពលរដ្ឋខ្មែរត្រូវតែមានសិទ្ធ សេរីភាពដូចគ្នារក្សានិងប្រកាន់ភ្ជាប់នូវទំលាប់ ប្រពៃណី និងវប្បធម៌ ពីព្រោះយើងគឺជាខ្មែរតែមួយ មិនថាខ្មែរក្រោម ខ្មែរលើ ឬខ្មែរកណ្តាលសុទ្ធតែជាប្រជាពលរដ្ឋខ្មែរទាំងអស់។ ក្នុងស្មារតីសាមគ្គីភាព និងភាពជាគ្រួសារខ្មែរតែមួយ ឯកឧត្តមបានបញ្ជាក់ថា ជាតិខ្មែរតែមួយត្រូវតែរួមសហការគ្នាធ្វើការ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងចីរភាព ដោយការពារធនធានធម្មជាតិ ដែលជាផលប្រយោជន៍ជាតិ សម្រាប់យើងទាំងអស់គ្នានៅគ្រប់ជំនាន់។
ស្របនឹងការថ្លែងឡើងនេះ តំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលតែងតែផ្តល់ការគាំទ្រ និងអភិបាលកិច្ចល្អដល់គម្រោងរបស់អង្គការ។ ជាពិសេស ការទទួលបានលិខិតគាំទ្រពីក្រសួងបរិស្ថាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យ CIPO ទទួលបានកញ្ចប់ថវិកាគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើគម្រោងចុះបញ្ជីបេតិកភណ្ឌវប្បធម៌ និងប្រពៃណីរស់នៅខេត្តមណ្ឌលគិរី ដោយមានការសហការជិតស្និទ្ធជាមួយនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន។
បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានថា កម្ពុជាបាននឹងកំពុងបន្តដើរតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិក្នុងការកៀរគរថវិកា និងធនធាន ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន (Accredited Entity) ដើម្បីគ្រប់គ្រង និងអនុវត្តគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវចម្រុះដោយម្ចាស់ការ ដើម្បីជួយគាំទ្រដល់អង្គការដៃគូ និងសហគមន៍តំបន់ការពារ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីចីរភាពបរិស្ថាន និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕


