ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ត្រៀមបដិសណ្ឋារកិច្ចទទួល ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១ និងឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១
កម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋបារាំងនិងសាធារណរដ្ឋរវ៉ាន់ដា នាពេលខាងមុខនេះ។ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើផែនការរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវ១ នឹងឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និង លោកជំទាវទី១ ដែលនឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម កុល ប៊ុន លី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង និងលោកស្រី ម៉ារី ប៊ុស្កាល (Madame Marie BUSCAIL) អនុប្រធានបេសសកម្ម ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី ការទូត ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយក រដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ដែលបានចូលរួមប្រជុំ តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងបានជម្រាបជូនជ្រាបអំពីខ្លឹមសារ នៃលិខិតរបស់ក្រសួងព្រះបរមរាជវាំង និងកិច្ចការចាំបាច់ ដែលត្រូវរៀបចំឱ្យបានល្អប្រសើរ។
អង្គប្រជុំបានតាមដានស្តាប់កម្មវិធីទស្សនកិច្ច ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួង ព្រះបរមរាជវាំង រួចមក ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានបញ្ជាក់បន្ថែមពីការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំង២ ព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល សម្រាប់ធ្វើការអនុវត្ត។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ មានប្រសាសន៍លើកឡើងថា÷
តាមរយៈកម្មវិធីដែលបានគ្រោងទុករបស់ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវ១ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាមួយថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
ដោយឡែកតាមរយៈកម្មវិធីដែលបានគ្រោងទុករបស់ ឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និង លោកជំទាវទី១ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានជម្រាបជូនអំពី កិច្ចការលម្អិត នឹងម៉ត់ចត់បំផុត ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្តសម្រាប់កិច្ចការងារត្រៀមទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់របស់ ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ៕


