កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស”…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការដៃគូនានា ប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ “ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស” ហើយបន្តអប់រំផ្សព្វផ្សាយ ពីគុណប្រយោជន៍អាហារូបត្ថម្ភ និងផលវិបាកនៃកង្វះអាហារូបត្ថម្ភ ។ ក្នុងឱកាសប្រារព្ធទិវាអាហារូបត្ថម្ភ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការក្រសួង និងតំណាងស្ថាប័ន-អង្គការដៃគូរ ព្រមទាំងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងចូលរួមជាច្រើនកុះករ។
លោកស្រី Rebekah Bell នាយិកាអង្គការ FAOប្រចាំប្រទេស និងជាតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើនពីគុណប្រយោជន៍នៃអាហារូបត្ថម្ភ ដោយស្ដែងតាមរយៈចេះសួរនាំនូវប្រភពអាហារ ខណៈពលរដ្ឋមួយចំនួន ក៏បានផលិតអាហារូបត្ថម្ភដោយខ្លួនឯង ដូចជាការដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពជាដើម ។
តំណាងអង្គការូបនេះ បានអះអាងថា មួយវិញទៀតចំពោះកិច្ចកិច្ចការងារអាហារូបត្ថម្ភនេះ ឃើញថារាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗ ជាពិសេសការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានា ពាក់ព័ន្ធនឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ។
ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបរិវត្តកម្មប្រព័ន្ធស្បៀង ដោយបានអនុវត្តប្រកបដោយផ្លែផ្កា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ព្រោះការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រី និងកុមារ គឺជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ពីព្រោះកុមារជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាំងពីពេលពពោះ ពេលឃើញពន្លឺថ្ងៃ និងពេលធំធាត់ រហូតបានរៀនសូត្រ ។
ឯកឧត្តមបណ្ឌិតសភារច្យ បានបន្ថែមថា ការលើកកម្ពស់ចំណេះដឹង និងអប់រំកុមារក្នុងវ័យសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភ ឲ្យពួកគេបរិភោគឲ្យបានត្រឹមត្រូវ មានគុណភាព មានសុវត្ថិភាព មានតុល្យភាព និងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើន ប្រៃពេក ផ្អែមពេក ជាពិសេសអាហារសម្រន់ ដែលមិនមានគុណភាព ឬអាហារកែច្នៃមិនមានអនាម័យ ហើយងាកមកបរិភោគអាហារចម្រុះ មានត្រី សាច់ គ្រប់សណ្ដែកជាដើម ព្រោះជួយដល់សុខភាពរបស់ពួកគេ ទាំងរូបរាយកាយ សតិបញ្ញា និងប្រព័ន្ធបន្តពូជទៀតផង ។ ក្នុងន័យនេះ ការវិនិយោគលើអាហារូបត្ថម្ភ មិនត្រឹមតែ ផ្តល់សុខុមាលភាពសម្រាប់មនុស្សគ្រប់រូបនោះប៉ុណ្ណោះទេ ប៉ុន្តែបាន ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ បង្កើត មូលធនមនុស្ស បង្កើន ផលិតភាពការងារ និងកំណើន សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ៕


