កងកម្លាំងរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើរោងចក្រថាមពលអ៊ុយក្រែន ដោយប្រើប្រាស់ Drone ២៨៩គ្រឿង មីស៊ីលផ្លោងចំនួន១៧គ្រាប់ និងមីស៊ីលបញ្ជាចំនួន៥៩គ្រាប់

រុស្ស៊ីបាននិយាយកាលថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានបន្តវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីវិញដែរ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារពេញមួយយប់ដោយប្រើអាវុធមានភាពជាក់លាក់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារកំណត់គោលដៅទៅលើរោងចក្រថាមពលអ៊ុយក្រែនដែលផ្គត់ផ្គង់អគ្គិសនីដល់សហគ្រាសយោធា-ឧស្សាហកម្ម។ គោលដៅទាំងនោះរួមមានរោងចក្រថាមពលកំដៅចំនួន៤ និងស្ថានីយថាមពលរងជាច្រើននៅទូទាំងតំបន់ Vinnytsia, Dnepropetrovsk និង Kharkov។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់ពីការវាយប្រហារនេះ ដោយនិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន២៨៩គ្រឿង មីស៊ីលផ្លោងចំនួន១៧គ្រាប់ និងមីស៊ីលបញ្ជាចំនួន៥៩គ្រាប់ ដើម្បីវាយប្រហាររោងចក្រថាមពល និងស្ថានីយថាមពលរង។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអង្គារនេះថា៖ ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា៖ អ៊ុយក្រែនបានបន្តការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន៕

សម្រួលអត្ថបទ៖ សុផារិន្ទ