គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន

រាជធានីភ្នំពេញ បានទទួលនូវគម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយលូ ក្រោមជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ដោយឆ្លងកាត់៤ជំហានធំៗ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) បង្ហាញថា គម្រោងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ការអភិវឌ្ឍជា៤ជំហាន ដោយជំហានទី១ សាងសង់ពី២០០១ ដល់ឆ្នាំ២០០៤ សាងសង់ស្ថានីយ៍បូមទឹក បឹងទំពន់, ជំហានទី២ ឆ្នាំ២០០៥-ឆ្នាំ២០១០ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកចេញពីតំបន់ខាងត្បូងឆៀងខាងលិច តំបន់កណ្តាល និងខាងជើងឆៀងខាងកើតនៃទីក្រុង, ជំហានទី៣ ឆ្នាំ២០១១-ឆ្នាំ២០១៥ ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកចេញពីតំបន់ភាគខាងត្បូងឆៀង ខាងកើតរាជធានី រួមមាន៖ ខណ្ឌចំការមន និងផ្នែកខ្លះនៃខណ្ឌ៧មករា និងខណ្ឌដូនពេញ ដើម្បីកាត់បន្ថយការជន់លិច, និងជំហានទី៤ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ដែលរួមចំណែកកាត់បន្ថយជំនន់ទឹកភ្លៀង នៅតំបន់ខាងជើងវត្តភ្នំ និងនៅតំបន់ទួលគោក។

លោក មិស៊ូមិ តាកាហ៊ីតុ ឧបទូត និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា គម្រោងទាំងនេះពង្រឹងការការពារជំនន់នៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ឬហៅកាត់ថា ជំនួយODA ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនានាជាច្រើន រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែវិច្ឆិកា លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា នេះជាសមិទ្ធផលធំ មួយដែលជួយឱ្យរាជធានីភ្នំពេញ ដែលមានប្រព័ន្ធដោះទឹកជំនន់ និងជួយ ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់រាជធានីភ្នំពេញ៕