ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋជាង ៣០០នាក់ នៅស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី ជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករជាង៣០០នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម តាំង ម៉េងលាង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្ម រួមនិងកសិករប្រមាណ៣០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថាគោលបំណងនៃការជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករនៅស្រុកស្ទោងនេះមានគោលដៅធំ៣៖១)-ចង់បង្ហាញឱ្យស្គាល់សមាគមបណ្តាញកសិករតេជោ ទី២)-បង្ហាញឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី៣)-ចង់ជជែកអំពីបញ្ហាការធ្វើកសិកម្មរបស់បងប្អូននៅក្នុងស្រុកស្ទោង។
ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា “សមាគមបណ្តាញកសិករតេជោ មានតួនាទី ទី១)- ជាស្ពានឱ្យបងប្អូនប្រជាកសិករទូទាំងប្រទេសដើរឆ្លង ភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ ដែលមានទឹកចិត្តស្រឡាញ់ជួយដល់វិស័យកសិកម្ម។ ស្ពានទី២)- ជាស្ពានដើរឆ្លងទៅរកបច្ចេកទេស។ បងប្អូនមានរបៀបរបរក្នុងការដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ខ្លួនឯងហើយ ប៉ុន្តែបច្ចេកទេសថ្មីៗមានច្រើន និងមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចនេះ ទាមទារចំណេះដឹងថ្មីបន្ថែម តាមរយៈសមាគមបណ្តាញកសិករតេជោ។ ស្ពានទី៣) ជាស្ពានដើរឆ្លងទៅរកទីផ្សារ ព្រោះការធ្វើកសិកម្ម ហើយលក់មិនដាច់ បងប្អូនអាចយំ ។ យើងខ្ញុំអាចផ្តល់ព័ត៌មានលក់នៅកន្លែងណា ឬអាចង្អុលប្រាប់ឱ្យក្រុមហ៊ុនផ្សេងមកជួយទិញបងប្អូនបាន។ ទីផ្សារពិតជាសំខាន់ណាស់ មានតែដើមទុនតែអត់មានទីផ្សារ គឺជាហានិភ័យខ្ពស់។ ស្ពានទី៤) ជាស្ពានចម្លងសំឡេងរបស់បងប្អូនកសិករនៅតាមមូលដ្ឋាន។ សំឡេងនៃការព្រួយបារម្ភ សំឡេងបង្ហាញពីទុក្ខលំបាក ត្រូវការជំនួយ ដើម្បីឱ្យអ្នកជំនាញផ្នែក កសិកម្ម អាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ដឹកនាំបានឮនៅទូទាំងប្រទេស ចុះដោះស្រាយបានលឿន។ ខ្ញុំមិនចង់ឃើញសំឡេងកង្វល់របស់បងប្អូន នៅភូមិឃុំត្រូវកប់ចោលនោះទេ។ សម្រាប់តួនាទី២របស់សមាគមបណ្តាញកសិករតេជោ គឺចង់ធ្វើជាខែលឱ្យបងប្អូនជ្រកពេលភ្លៀង ជ្រកពេលថ្ងៃ ទាំងក្តៅទាំងត្រជាក់បាន។ ជួយការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់បងប្អូន។ បើបងប្អូនមានរឿងណាដែលមានការរំលោភឬបំពានដោយខុសច្បាប់ដោយបុគ្គលណាមួយ យើងខ្ញុំអាចផ្តល់មេធាវី ឬត្រូវផ្តល់ជាយោបល់ត្រូវធ្វើរបៀបម៉េចបាន។ នេះហើយគឺជាជម្រកឬ ជាខែលសម្រាប់ការពារភាពស្របច្បាប់របស់បងប្អូន។
ឯកឧត្តបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា៖ “ដូចនេះសូមបងប្អូនជឿជាក់មកលើសមាគមបណ្តាញកសិករតេជោ របស់យើង ហើយបងប្អូនអាចចូលរួមបានទោះបីបងប្អូននៅក្នុងសហគមន៍កសិកម្មណាក៏អាចចូលរួមនៅតាមបណ្តាញណាមួយក៏បាន ដើម្បីទទួលបាននូវអត្ថប្រយោជន៍”។
ឯកឧត្តមបណ្ឌិត លើកឡើងថា កង្វល់ធំរបស់បងប្អូនប្រជាកសិករធ្វើកសិកម្ម គឺទុននិងទីផ្សារ។
បើនិយាយពីទុន របស់ធនាគារ ARDB មានអត្រាការប្រាក់សមរម្យសម្រាប់យកប្រើប្រាស់ក្នុងមុខរបរក្នុងវិស័យកសិកម្មដែលអាចទទួលបានផលចំណេញ ។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក្រើនរំលឹកដល់ប្រជាកសិករថា ថ្មីៗរាជរដ្ឋាភិបាលក៏បានជូនដំណឹងអំពីកង្វះទឹកសម្រាប់ធ្វើកសិកម្មដោយសារតែស៊ុពើអែលនីញ៉ូ ដែលអាចធ្វើឱ្យខ្វះខាតទឹកនៅពេលខាងមុខ។ ដូចនេះមុនធ្វើទាមទារឱ្យមានគិតគូរ ពិចារណាឱ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ប្រាក់និងខាតបង់ពេលវេលា។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចាប់អារម្មណ៍ទៅលើការគិតគូដល់ថ្លៃដើមផលិតស្រូវឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថាបានប្រាក់ចំណេញឬខាតនៅពេលលក់កសិផលរបស់ខ្លួនម្តងៗ៕



