ក្រុមហ៊ុនទេសចរណ៍ខ្នាតធំបំផុតនៃប្រទេសប៉ូឡូញ «ITAKA » កំពុងមានចំណាប់អារម្មណ៍ និងបន្តសិក្សាលទ្ធភាពនាំភ្ញៀវទេសចរណ៍មកទស្សនាខេត្តព្រះសីហនុនារដូវត្រជាក់ឆ្នាំក្រោយ
ទីក្រុង Warsaw-សាធារណរដ្ឋប៉ូឡូញ – ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុង Warsaw នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ITAKA ដែលជាក្រុមហ៊ុនទេសចរណ៍ និងជាទីភ្នាក់ងារធ្វើដំណើរដ៏ធំបំផុត និងឈានមុខគេនៅក្នុងប្រទេសប៉ូឡូញ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការគូសបញ្ជាក់ និងបង្ហាញជូនតំណាងក្រុមហ៊ុន ITAKA អំពីស្ថានភាពទូទៅ សក្តានុពលសេដ្ឋកិច្ចដ៏សម្បូរបែប និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្ត និងស្នើឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ៗ ពិសេសគឺ វិស័យទេសចរណ៍ ដែលជាសសរស្តម្ភ និងជាវិស័យអាទិភាពចម្បងរបស់ខេត្ត។
ជាការឆ្លើយតបចំពោះការយកចិត្តទុកដាក់ និងការអញ្ជើញរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ តំណាងក្រុមហ៊ុនទេសចរណ៍ ITAKA បានបង្ហាញក្តីសោមនស្សរីករាយ និងបានបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ ក្រុមហ៊ុននឹងរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ (Tour Packages) និងកិច្ចដំណើរការជើងហោះហើរត្រង់ (Charter Flights) ឆ្ពោះមកកាន់ខេត្តព្រះសីហនុ នៅក្នុងរដូវ
ត្រជាក់ឆ្នាំក្រោយនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ITAKA គឺជាប្រតិបត្តិករទេសចរណ៍ (Tour Operator) លេខ១ នៅក្នុងប្រទេសប៉ូឡូញ ដែលមានបទពិសោធន៍ប្រតិបត្តិការច្រើនទសវត្សរ៍ មានសេវាកម្មផ្តល់ជូនកញ្ចប់វិស្សមកាលសម្រាកកាយនៅសណ្ឋាគាររាប់ពាន់កន្លែងជុំវិញពិភពលោក ព្រមទាំងមានកម្មវិធីទស្សនាកម្សាន្តបែបវប្បធម៌ និងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បីៗគ្រប់ទ្វីប រួមមានទាំងតំបន់ឆ្នេរនៅអឺរ៉ុបខាងត្បូង អាហ្វ្រិកខាងជើង និងតំបន់ត្រូពិកផ្សេងៗទៀត ដែលវត្តមានរបស់ក្រុមហ៊ុននេះ នឹងជាកម្លាំងចលករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុបមកកាន់ខេត្តព្រះសីហនុនាពេលអនាគតខាងនេះ។
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


