សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងចំនួន ១៩អង្គភាព ដែលឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ បានអញ្ជើញសំណេះសំណាលជាមួយ កងកម្លាំងចំនួន ១៩អង្គភាព ដែលឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ នារាត្រី នារសៀល ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និង ជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេស បងប្អូនកងកម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ច ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន នៅតាមបណ្ដោយព្រំដែននៃទិសខេត្តឧត្តរមានជ័យ ដោយក្តីនឹករលឹកជាទីបំផុត និងការគិតគូរអំពីសុខទុក្ខដល់កងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការផ្តាំផ្ញើ និងសំណូមពរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួន រួមមាន៖

  • ទី១៖ ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ និងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវរាល់បទបញ្ជាពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

  • ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ម្ចាស់ការ និងត្រៀមលក្ខណៈសម្បត្តិជាស្រេចគ្រប់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបទាន់ពេលវេលាចំពោះរាល់ឧបាយកល ឬសកម្មភាពរំលោភបំពាននានាពីខាងក្រៅ សំដៅការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។

  • ទី៣៖ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អមាំមួន ព្រមទាំងត្រៀមលក្ខណៈទប់ទល់ចំពោះស្ថានភាពប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតកើនកម្ដៅខ្លាំងនារដូវប្រាំងនេះ។

សូមបញ្ជាក់ថា អំណោយដែលសម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់ជូនដល់កងកម្លាំងទាំង ១៩អង្គភាព ដោយក្នុងមួយអង្គភាពៗ ទទួលបាន៖

  • ទឹកបរិសុទ្ធ ចំនួន ៥០កេស

  • ភេសជ្ជៈ ចំនួន ៥០កេស

  • ទឹកដោះគោស្រស់ ចំនួន ៥០កេស

  • ទឹកដោះគោខាប់ ចំនួន ៥០កេស

  • ម្សៅសាប៊ូ ORA ចំនួន ២០កេស

  • ថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល)។