សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានា បើកស្លាកឈ្មោះ និងបួងសួងសុំសេចក្តីសុខ នៅសួននាងគង្ហីងបឹងស្នោ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធិផលនានា បើកស្លាកឈ្មោះ «សួននាងគង្ហីងបឹងស្នោ» ពិធីក្រុងពាលី និងពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិមាតុភូមិ នៅបរិវេណសួននាងគង្ហីងបឹងស្នោ ខេត្តឧត្តរមានជ័យ។

ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ លោកជំទាវ នេត្រ ភូមរី លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន លោកអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧកញ៉ា អ៊ឹង មុយគៀង លោកជំទាវ មាស ផល្លីន, លោកជំទាវ ជាណែត ព្រមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ ទ្រង់ប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរជ័យដ៏បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ញើនូវការសួរសុខទុក្ខ និងជូនពរជ័យបវរសួស្តីដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្មដ៏អង់អាចក្លាហាននៅជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានស្មារតីរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃមាតុភូមិ។

បន្ថែមលើនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងសូមឱ្យព្រះរាជាណាចក្រកម្ពុជា ជៀសផុតពីជំងឺរាតត្បាត ឧបទ្រពចង្រៃ និងគ្រោះមហន្តរាយធម្មជាតិនានា ព្រមទាំងបួងសួងឱ្យសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍បន្តរីកចម្រើនយ៉ាងរឹងមាំ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើង សំដៅលើកកម្ពស់ជីវភាព និងភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេស បានបួងសួងសូមឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធនឹងអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕