គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងចាប់ផ្តើមយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក (Olympic Values Education Programme – OVEP) ឆ្នាំ២០២៦ ដោយចាប់ផ្តើមនៅតាមវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤-០៥ និងថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមជំនួយសាមគ្គីអូឡាំពិក (Olympic Solidarity)។
កម្មវិធីនេះ គឺជាសកម្មភាពអប់រំប្រចាំឆ្នាំមួយដែល NOCC តែងតែយកចិត្តទុកដាក់រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃអូឡាំពិកទៅកាន់សិស្សានុសិស្ស តាមរយៈការលើកកម្ពស់គុណតម្លៃអូឡាំពិក រួមមាន ឧត្តមភាព ការគោរព មិត្តភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងជំរុញឱ្យយុវជនមានការចូលរួមលេងកីឡា និងប្រកាន់ខ្ជាប់នូវរបៀបរស់នៅប្រកបដោយសុខភាពល្អ។
ជាមួយគ្នានេះ កម្មវិធីក៏មានគោលដៅជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំកាយ និងកីឡា ព្រមទាំងបណ្តុះស្មារតីស្រឡាញ់កីឡាឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់យុវជន។
អ្វីដែលជាចំណុចពិសេសសម្រាប់ឆ្នាំ២០២៦នេះ គឺ NOCC ក៏នឹងបញ្ចូលសកម្មភាពផ្សព្វផ្សាយអំពីយុទ្ធនាការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) នៅកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ។
តាមរយៈកម្មវិធីនេះ NOCC រំពឹងថា សិស្សានុសិស្សរាប់ពាន់នាក់នឹងទទួលបានចំណេះដឹងថ្មីៗអំពីចលនាអូឡាំពិក យល់កាន់តែច្បាស់ពីតួនាទីរបស់កីឡាក្នុងការអភិវឌ្ឍបុគ្គល និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយគុណតម្លៃវិជ្ជមាននៃកីឡាទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមរបស់ខ្លួន ៕


